នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៥នាក់បន្តបន្ទាប់ដូចសម្លកំពឹស បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយទទួលបានព័ត៌មានពីបណ្តាញសំងាត់លើករណីចែកចាយគ្រឿងញៀនកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញប្រតិបត្តិការភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅភូមិទី៤ ឃុំយាយម៉ៅ ពេជ្រនិលបញ្ជូនមកកាន់អធិការដ្ឋានស្រុក។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន១-ឈ្មោះ រឿង សុភារិទ្ធិ ហៅរាជ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ២-ឈ្មោះ មាណ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់មធ្យមសង្ស័យជាគ្រឿងញៀន។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពនិងបង្ហាញអ្នកពាក់ពន្ធ័ក្នុងករណីនេះម្នាក់ផ្សេងទៀតដែលជាមេក្លោង។
ក្រោយបានចម្លើយសារភាពនិងទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញបានបន្តបើកប្រតិបត្តិការជាថ្មី និងបានឃាត់ខ្លួនឈ្មោះ សឹង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិលម្នាក់បន្ថែមទៀតដោយដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចកប់សង្ស័យជាគ្រឿងញៀន។ក្នុងប្រតិបត្តិការឃាត់ខ្លួននោះជនសង្ស័យ
ឈ្មោះ សឹង សំណាង ក៏បានបង្ហាញមុខសញ្ញា២នាក់បន្ថែមទៀតដែលជាមេក្លោងនៃការជួញដូរគ្រឿងញៀននេះផងដែរ។
អធិការរូបនេះបន្ថែមថា ដោយយោងតាមចម្លើយរបស់ឈ្មោះ សឹង សំណាង សមត្ថកិច្ចបានបន្ដឃាត់ខ្លួនមុខសញ្ញា២នាក់បន្ថែមទៀតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ១-ឈ្មោះ ប្រុស ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិលនិង២-ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៧ឆ្នាំ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុម្សៅក្រាមពណ៌សថ្លា៧កញ្ចប់សង្ស័យជាគ្រឿងញៀន ថ្នាំគ្រាប់ពណ៌ផ្កាឈូកWY១កញ្ចប់ (១៨គ្រាប់) ជញ្ជីងថ្លឹង ប្រភេទអេឡិចត្រូនិចចំនួន០១ និងទូរសព្ទដៃ២គ្រឿង រថយន្ដ០១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2BV-1523។
ជុំវិញប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបញ្ជាក់ឱ្យដឹងថាជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីរួចហើយនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ។



ដោយ ៖ ប៊ុត សារុន