អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ចំពោះករណីបុគ្គលយកឈ្មោះ និងរូបភាពជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ
ភ្នំពេញ ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនថា ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។
សេចក្ដីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។
បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ហើយទង្វើនេះ បណ្ដាលឱ្យមានការយល់ខុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងគុណធម៌ដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងជាការបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែរ។
«ដូច្នេះ ពីអំណឹះតទៅ មិនថាស្រ្តីរូបនោះ គឺរាល់បុគ្គលផ្សេងទៀត រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ទៅប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួន។» នេះជាខ្លឹមសារដាស់តឿនមានក្នុងសេចក្ដីបញ្ជាក់ព័ត៌មានដដែល។
អាស្រ័យដូចបានជម្រាបជូន អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ភ្ជាប់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ជូនខាងលើ ហើយក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ សូមសាធារណជនទាក់ទងមកខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីជម្រះមន្ទិល៕

