ត្រីក្លាសេ ជាង០២តោន ត្រូវមន្រ្តីជំនាញស្ទាក់ឃាត់បាន ខណៈដែលឈ្មួញដឹកនាំចូលពីក្រៅប្រទេស ដោយគ្មានលិខិតអនុញ្ញាត
បាត់ដំបង ៖ ត្រីក្លាសេ ជាង០២តោន ត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាន កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំប ខណៈដែលឈ្មួញលួចនាំចូលពីក្រៅប្រទេស មកកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ។
ការបង្ក្រាបនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលនិងកម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានស្ទាក់ឃាត់រថយន្តម៉ាកHyundai ពណ៌បៃតង០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចចម្រុះបានរកឃើញត្រីប្រាក្លាសេ ទំងន់ប្រហែល ២,០០០គីឡូក្រាម និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូក្រាម ហើយបន្ទាប់មកត្រីនិងមធ្យោបាយ ព្រមទាំងអ្នកបេីករថយន្ត ត្រូវបានប្រគល់អោយមន្រ្តីជំនាញរដ្ឋបាលជលផលខេត្តបាត់ដំបង ដើម្បីអនុវត្តនីតិវិធីបន្ត៕





ដោយ ៖ សាលី