ឯកឧត្តម អ៊ុំ រាត្រី ផ្តល់លូជំហានដំបូង ១៥០កង់ ដើម្បីកាយដាក់តាមប្រព័ន្ធប្រឡាយ លូ រំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ក្រោយការចុះត្រួកពិនិត្ប្រ ជុំដាក់វិធានការដោះស្រាយជំនន់ទឹកភ្លៀងលិចក្រុងប៉ោយប៉ែត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់លូជំហានដំបូង ចំនួន១៥០កង់ ដើម្បីកាយដាក់តាមប្រព័ន្ធប្រឡាយ លូរំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀង ​នៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សា ក្រោយក្រុងប៉ោយប៉ែត រងនូវការជន់លិចដោយសារទឹកភ្លៀង។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង មានការហូរលិចលើដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋ រៀបចំទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យសំរាមបិទមុខទឹក ។

ឯកឧត្តមក៏បានបញ្ជាក់ថា ក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិតដើម្បីរកប្រភពនៃមុខទឹក រៀបចំនូវប្រព័ន្ធលូ បញ្ចៀសកុំឱ្យមានការស្ទះទឹក ធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង។

ចំពោះមុខនៅថ្ងៃទី១៣ ខែឧសភា ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រុមការងារសង្កាត់ បាននាំយកអេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការសម្រួលដល់ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។

ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តម សុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងពេលគ្រឿងចក្រដំណើរការ រៀបចំប្រព័ន្ធ ប្រសិនបើមានការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ ដើម្បីជាផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ៕

CATEGORIES
Share This