មន្រ្តីជំនាញ បង្រ្កាបការនាំចូលត្រីប្រាក្លាសេរាប់តោនពីថៃ ដោយគ្មានច្បាប់អនុញាត
សៀមរាប ៖ ត្រីប្រាក្លាសេរាប់តោន ដឹកតាមរថយន្តលួចនាំចូលតាមច្រករបៀងកម្ពុជា-ថៃ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបន្តចែកចាយលក់លើទីផ្សារខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច នគរបាលចរាចរណ៍ ស្ទាក់បង្ក្រាបបានកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន ៖ រថយន្តម៉ាកសាំយ៉ុង ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C.4980 ត្រីប្រាក្លាសេ ចំនួន៣.០០០គីឡូក្រាម ដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិតអនុញ្ញាត ដែលជាបទល្មើសជលផល ។
ក្រោយពីបានពិនិត្យសព្វគ្រប់រួចមក ក្រុមការងារ បានកសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្ដែង តាមនីតិវិធិច្បាប់ ស្តីពី ជលផល ។ ចំណែកវត្ថុតាងរថយន្ត និងត្រីប្រាក្លាសេ ចំនួន៣.០០០គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ ព្រោះម្ចាស់ត្រី ខាងលើ បានយល់ព្រមផាកពិន័យតាមច្បាប់ ។
ដោយឡែកបើតាមប្រភពព័ត៌មាន ដែលទទួលបាន រថយន្តសាំយ៉ុងដឹកត្រីប្រាក្លាសេទាំងនោះ ត្រូវបានឈ្មួញដឹកចេញពីព្រំដែនប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនយកមកចែកចាយនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ៖ បន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ និងខេត្តបាត់ដំបងជាដើម ៕








ដោយ ៖ K-P