ក្រសួងកសិកម្ម គួរពិនិត្យកុំអោយច្បាប់នាំត្រីចូលពីប្រទេសថៃ ដល់ឈ្មោះ NEANG SOVANNARY ដែលលួចបន្លំនាំចូលត្រីប្រាខូចគុណភាព ខុសពិលិខិតអនុញាត ជាង១០តោន
បាត់ដំបង ៖ បុគ្គលឈ្មោះ នាង សុវណ្ណារី (NEANG SOVANNARY ) ដែលទទួលបានច្បាប់នាំត្រីក្លាសេប្រភេទទីឡាព្យា ត្រីពោ និងត្រីកាប ពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិដូង ពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គួរតែក្រសួងកសិកម្មពិនិត្យ និងបញ្ឈប់កុំអោយច្បាប់អនុញាត្តនាំចូលត្រីមកកម្ពុជាបន្តទៀត ខណៈដែលបុគ្គលនេះលួចបន្លំភ្នែកសមត្ថកិច្ចតាមព្រំដែន នាំចូលត្រីប្រាខូចគុណភាព ក្នុងចំណោម១០តោន ចូលកម្ពុជាខុសពីច្បាប់អនុញាត ហើយត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្រ្តីជំនាញកបប បង្រ្កាបបានកាលពីយប់ថ្ងៃទី១២ ខែមិថុនា ២០២៥ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ការបង្រ្កាបការនាំចូលត្រីប្រាក្លាសេខាងលើធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទើប លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងការិយាល័យចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេដែលនាំចូលពីប្រទេសថៃ។
នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានរកឃើញថាត្រីក្លាសេទាំងនេះគឺខុសប្រភេទត្រីដែលលិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាប តែប៉ុណ្ណោះ (នាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិដូង) ប៉ុន្តែបន្ទាប់ពីឆែកឆេររថយន្តចំនួន០៤គ្រឿងរកឃើញជាប្រភេទត្រីប្រា សរុបចំនួន ១០តោននិង៥៥គីឡូក្រាម(ក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន) ពោះត្រីប្រា ១៥០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម ត្រីឆ្កោរចំនួន ៥០គីឡូក្រាម។
រថយន្តដឹកជញ្ជូនទាំង០៤ខាងលើ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យ ដឹកជញ្ជូនផលិតផលជលផលដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែប៉ុណ្ណោះ។
ក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីបន្តនីតិវិធី ដោយឡែកត្រីប្រាដែល ខូចគុណភាពចំនួន០១តោន បានប្រគល់ជូនមន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល ។
សូមបញ្ជក់ថា បុគ្គលឈ្មោះ នាង សុវណ្ណារី ភេទស្រីដែលរដ្ឋបាលជលផលអនុញាតច្បាប់នាំចូលត្រីខាងលើមានតួនាទីជាប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា។ជាមួយនឹងការមានច្បាប់នាំត្រីចូលពីប្រទេសថៃតាមច្រកនៃព្រំដែនថៃនៃប្រភេទត្រីដែលច្បាប់បានអនុញាតអោយប្រធានសមាគមនេះនាំចូលបែរជាឃើញមានតែត្រីប្រាក្លាសេរាប់សឹបតោននាំចូលមកកម្ពុជាហើយចែកចាយនៅតាមខេត្តជុំវិញតំបន់បឹងទន្លេសាបនាំអោយមានការយល់ច្រឡំថាជាត្រីរបស់កម្ពុជាប៉ះពាល់ទីផ្សារត្រីនៅកម្ពុជាទៅវិញ។ចំពោះការនាំចូលត្រីប្រាក្លាសេនេះដែលក៍ត្រូវបានសមត្ថកិច្ចចាប់ជាបន្តបន្ទាប់ទាំងនៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ជាពិសេសខេត្តបាត់ដំបងចាប់បានម្តង់ៗរាប់តោននិងរាប់ឡាន។
ដើម្បីកុំអោយមានលារនាំចូលត្រីខុសពីច្បាប់កំណត់ទៀតក្រសួងគួតែមានវិធានការណាទៅលើបុគ្គលឈ្មោះនាង សុវណ្ណារីឬក៍កុំអោយឈ្មោះនេះមានសិទ្ធជាប្រធានសមាគមនិងឈប់ចេញច្បាប់អោយទៀត ៕








ដោយ ៖ K-P