ខេត្តកំពង់ធំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧-២១មិថុនា ២០២៥
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧ -២១ មិថុនា ២០២៥) ដែលពិធីនេះប្រព្រឹត្តទៅនៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ក្នុងរយៈពេល១៨ឆ្នាំ កន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន មានជាអាទិ៍ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះ សាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានា បានចំនួន២៤៦ ខ្នងផ្ទះ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន២០៦ខ្នងផ្ទះ និងបានសម្បទានដីសង្គមកិច្ចជូនគាត់ចំនួនជាង២៧៦ ហិកតា។ ក្រៅពីនោះបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងមួយសពចំនួន ៤លានរៀល សម្រាប់ធ្វើបុណ្យសពបានទាន់ពេលវេលា នឹងបានសហការជាមួយលោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥ និងជារៀងរាល់ឆ្នាំកន្លងមក គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។
ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អុំ ពូ មីង ជាវីរៈអតីតយុទ្ធជន ទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេលកន្លងទៅ។
នៅក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ នៅពេលនេះ បងប្អូនអតីតយុទ្ធជនចំនួន២០៦គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច នាភូមិអតីតយុទ្ធជននៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោកឈុន សារ៉នប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ ផងដែរ៕







