អាជ្ញាធរខេត្តកំពង់ស្ពឺ ច្រានចោលការតវ៉ាពលរដ្ឋ២៨គ្រួសារ នៅលើដីក្រុមហ៊ុនHLH ថាជាករណីខុសច្បាប់ និងបង្កភាពហ្វឹកវរ

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានច្រានចោលការតវ៉ារបស់ប្រជាពលរដ្ឋចំនួន២៨គ្រួសារ ដែលអះអាងថា មានផ្ទៃដីអាស្រ័យផលចំនួន៦០ ហិកតា ត្រូវបានក្រុមហ៊ុនរបស់ HLH​ ហ៊ុមព័ទ្ធ​ដោយរបងរឹងមាំមិនអោយពួកគាត់ចូលទៅអាស្រ័យផលបាន និងមិនមានដំណោះស្រាយពី​អាជ្ញាធរមូលដ្ឋាន គឺជាតវ៉ាដោយខុសច្បាប់ និងបង្ករឱ្យមានហ្វឹកវរក្នុងសង្គម។

លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ពលរដ្ឋចំនួន២៨គ្រួសារបាននាំគ្នាតវ៉ា ក្នុងនោះ បានអះអាងថា ដី៦០ហិកតា ដែលស្ថិតនៅចំណុចក្រហមកក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនអេចអិលអេច(HLH)ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយរបងរឹងមាំក្រោយដីសម្បទានមួយនេះ ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនផ្សេង។ពលរដ្ឋថា ពួកគាត់មិនអាចចូលទៅអាស្រ័យផលបានទេ និងសុំឱ្យអាជ្ញាធរស្រុកខេត្តជួយអន្តរាគមន៍បន្ទាន់។

ពាក់ព័ន្ធនិងការតវ៉ាសុំការអន្តរាគមន៍នេះ លោក ជេត ដុំ បានលើកឡើងថា ការតវ៉ាខាងលើគឺជាការ​បង្ករឱ្យមានភាពហ្វឹកវរ និងខុសច្បាប់ ព្រោះថាដីដែលស្ថិតក្នុងការតវ៉ាគឺខុស​ទីតាំងគ្នា ដោយដីដែល​ពលរដ្ឋ​តវ៉ាស្ថិតក្នុងភូមិកន្ទួត តែទីតាំងដីដែលពលរដ្ឋទៅឈរតវ៉ា គឺស្ថិតក្នុងភូមិក្រាំងពង្រ នៃ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។មួយវិញទៀតការអះអាងរបស់មេភូមិកន្ទួត មិនអាចចាត់ជាបានការទេ ព្រោះខ្លួនជាមេភូមិកន្ទួតបែរជាទទួលដឹងឮនិងអះអាងដីនៅភូមិក្រាំងពង្រទៅវិញ។

លោកថា ក្រុមហ៊ុនអេចអិលអេចទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុង២០០៩ តាមរយៈលិខិតលេខ១៤៧៥ សជណ លើផ្ទៃដីទំហំ ៨.៩៩៩,៦៤ ហិកតា ក្នុងនោះកាត់ចេញជាទ្រនាប់ដងស្ទឹងអូរតាក្រាំង(ប្របមាត់ស្ទឹងអូរតាក្រាំង) អស់៥៣២,៦៧ហិកតាដីមានប្លង់កម្ម​សិទ្ធិ០១បប របស់ប្រជាពលរដ្ឋ៨៩,១២ហិកតា ដីឯកជនរបស់រដ្ឋក្រោមការគ្រប់គ្រង​របស់មន្ទីរ និងក្រសួងកសិកម្មចំនួន ១២៥ហិកតា។សរុបដីដែលបានកាត់ចេញចំនួន ៧៤៦,៧៩ហិកតា និងដីជួលពីរដ្ឋ និងបង់ពន្ធជូនរដ្ឋរៀងរាល់ឆ្នាំ មានចំនួន ៨.២៥២,៨៥ហិកតា ហើយបច្ចុប្បន្ននេះដីទាំងអស់នេះត្រូវបានផ្តល់ប្លង់រឹងសរុប ១២ប័ណ្ណរួចហើយ។

សូមបញ្ជាក់ថា កន្លងមកនៅក្នុងចន្លោះឆ្នាំ២០១២ដល់ ២០១៥ អាជ្ញាធរខេត្តរួមជាមួយ​នឹង​ក្រុមហ៊ុនHLHបានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានចូលកាន់កាប់និងអាស្រ័យផលរួចអស់ហើយចំនួន៨១២គ្រួសារ។ហើយបច្ចុប្បន្ននេះរដ្ឋបាលខេត្តក៏កំពុង​ធ្វើការ​ដោះស្រាយលើទីតាំងដីវិវាទចំនួនពីរកន្លែងទៀតផងដែរ គឺទីតាំងទីមួយស្ថិតនៅតំបន់បឹងរនាំង មានគ្រួសារប្រជាពលរដ្ឋចំនួន២៥គ្រួសារ ផ្ទៃដីវិវាទចំនួន២៣ហិកតា ​និងទីតាំងទីពីរ ស្ថិតនៅ​តាក្រហម ក ខាងក្រោម មានប្រជាពលរដ្ឋ៣៤គ្រួសារ ដីវិវាទចំនួន៤៤,៩០ហិកតា។ដោយឡែកទីតាំង​ដែលលើកឡើងពីការតវ៉ារបស់​ប្រជាពលរដ្ឋនោះ ជាទីតាំងដីស្ថិតនៅតំបន់ក្រហម ក ខាងក្រោមជាប់មាត់ស្ទឹងតាក្រាំង ទីតាំងខាងលើនេះធ្លាប់​បានដោះស្រាយគោលនយោបាយ​រួចហើយ កាលពីអំឡុងឆ្នាំ២០១២-២០១៥​ និងជាទីតាំងដីដែលមានប្លង់រឹងរបស់រដ្ឋ។

ក្នុងដែរលោក ជេត ដុំ ​ក៏បានបញ្ជាក់បន្ថែមថា ខេត្តនិងរៀបចំក្រុមការងារចុះអង្កេត​លើទីតាំងដី​ដែលពលរដ្ឋប្រមាណ ២៨គ្រួសារ លើផ្ទៃដី៦០ហិកតា លើកគ្នាតវ៉ា ដើម្បីសុំឱ្យមានការអន្តរាគមន៍ ហើយក្នុងករណីរកឃើញថា ការតវ៉ាមិនមានមូលដ្ឋានច្បាស់លាស់ ក្រោមការរៀបចំរបស់ជនទី៣នោះ អាជ្ញាធរខេត្ត និងមានវិធានការយ៉ាងតឹងរឹងបំផុត៕

CATEGORIES
Share This