ប្រធានក្រុមការងារចុះជួយឃុំទួលសាលា លើកទឹកចិត្តដល់ចាស់ទុំ ដែលបានឆ្លងកាត់ជីវិតនៅសម័យខ្មែរក្រហម ចែករំលែកព្រឹត្តិការណ៍ដែលជួបប្រទះដល់យុវជនជំនាន់ក្រោយ
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ ទិន សុវណ្ណនី ប្រធានពន្ធនាគារនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ចាស់ទុំដែលឆ្លងកាត់ជីវិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) ជួយចែករំលែកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងរឿងរ៉ាវដែលបានជួបប្រទះដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់ ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្នុងរបបនោះនិងការឆ្លងកាត់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមដើម្បីការចងចាំ និងជៀសវាងជាន់ដានអតីតកាល។ការណ៍នេះ ធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ទិន សុវណ្ណនី បានលើកឡើងថា អ៊ុំៗ ពូៗ មីងៗ ដែលជាចាស់ទុំនៅក្នុងឃុំនេះពិតជាបានឆ្លងកាត់រួចហើយនូវរបបខ្មែរក្រហម និងពិតជាបានជួបនិងស្គាល់ច្បាស់ពីការដឹកនាំនាសម័យនោះ។ដូច្នេះអ៊ុំពូមីងគឺជាសាក្សីរស់ សូមអ៊ុំពូមីងជួយរម្លឹកទៅដល់ក្មេងៗជាកូន ជាចៅ ពីស្ថានភាពនៃរឿងរ៉ាវអតីតកាលដែលកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ សង្គ្រាមស៊ីវិល ការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានកំហុស ដើម្បីរំឭកការចងចាំដែលបានកើតឡើងក្នុងអតីតកាលនៅកម្ពុជា។ពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានចងចាំ និងចូលរួមទប់ស្កាត់កុំឱ្យរបបដ៏សាហាវយង់ឃ្នងនេះវិលត្រឡប់ជាថ្មី និងចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះ។
ប្រធានក្រុមការងារចុះជួយជុំទួលសាលាបាន រំឭកថា រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាបានធ្លាក់ក្នុងនរកអវជ័យ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិត្រូវបានលុបបំបាត់ទាំងស្រុង ប្រជាពលរដ្ឋត្រូវបានបង្ខំឱ្យធ្វើពលកម្មលើសកម្លាំងនិងរងទារុណ្ឌកម្មធ្ងន់ធ្ងរដូចទាសករ វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យត្រូវបានបំផ្លិចបំផ្លាញគ្មានសល់។ប្រជាពលរដ្ឋប្រមាណជាង៣លាននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតដោយការធ្វើទារុណ្ឌកម្ម ធ្វើការលើសកម្លាំងបង្អត់អាហារ។
លោក ទិន សុវណ្ណនី បានបញ្ជាក់ថា ដោយមើលឃើញពីភាពសោកសៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហមមកលើប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេច ជា ស៉ីម សម្តេច ហេង សំរិន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនទៀត បានរើបម្រាស់ប្រឆាំងនឹងការដឹកនាំរបស់ពួកខ្មែរក្រហម រហូតកសាងកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហម ដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន សម្តេច ជា ស៉ីម សម្តេច ហេង សំរិន មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីក្រញាំរបស់ ប៉ុល ពត និងរកសន្តិភាពជូនមាតុភូមិកម្ពុជាតែប៉ុណ្ណោះទេ សម្តេចបានទាំងជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់យ៉ាងសាហាវឃោឃៅទៀតផងតាមរយ:ការបង្កើតសាលាកក្តីខ្មែរក្រហម។ដូច្នេះគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនបានឡើយ។មានតែ គណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ៕





ដោយ ៖ ប៊ុត សារុន