យកឈើបុកថ្នាំដែលកក នៅក្នុងពីដុងបណ្តាលអោយផ្ទុះឡើង របួសធ្ងន់ស្រាល០២នាក់
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ស្រាលក្រោយផ្ទុះពីដុងថ្នាំ បង្ករជាអគ្គិភ័យកាលពីវេលាម៉ោង ២០និង៤៥ នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ករណីផ្ទុះពីដុងថ្នាំខាងលើនេះ បណ្តាលអោយបុរស០២នាក់រងរបួសធ្ងន់ស្រាល ដែលម្នាក់ឈ្មោះ ខំ សំណាង ហៅ(ចក់) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(របួសធ្ងន់) និងម្នាក់ទៀតឈ្មោះ រឿម សុផល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល) ទាំងពីរនាក់រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសម្ភារះខូចខាតរួមមាន ៖ ពាងទឹក០១ ,ឆេះម៉ូតូ ០១គ្រឿង ,ប៉ើងដំបូលរោងអស់ស័ង្កសី ២០សន្លឹក ,និងឆេះថ្នាំសំរាប់ដាក់តាង៉ែនចំនួន០៥ពីដុង ក្នុងមួយពីដុង០៥លីត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុផ្តើមចេញពីជនរងគ្រោះបានយកឈើទៅបុកថ្នាំដែលកកនៅក្នុងពីដុង ក៏បណ្ដាលអោយផ្ទុះឡើងតែម្តង បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកសំពៅលូន ៕






ដោយ ៖ សាលី