ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ធ្វើនំអន្សមជូនដល់កងទ័ព ឈរជើង នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វើនំអន្សមដោយផ្ទាល់ ជាច្រើន ដើម្បីយកមកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៥ នៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងភ្ញៀវបទេសផងដែរ។

ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានពីសត្រូវឈ្លានពានចង់បានទឹកដីកម្ពុជា ក៏ដូចជាបញ្ជាក់ឱ្យទឹកចិត្តខ្មែរជួយខ្មែរ បានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យើង។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយវិកា រួបរួមគ្នាធ្វើនំអន្សម សាច់គោ​ រួមនឹងគ្រឿងឧបភោគបរិភោគ ដើម្បីជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ  បន្តចូលរួមសកម្មភាពមនុស្សធម៌  ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែនឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃសរុបចំនួន ២លាន៣សែនរៀលផងដែរ៕

CATEGORIES
Share This