ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូខាងមុខ រួចបោកចូលរថយន្ត បណ្តាលអោយកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសបាក់ជើង
បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងបុរសពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងនិងរថយន្ត០១គ្រឿង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1E-2399 បើកបរដោយឈ្មោះ រិន រ៉ាន់ ភេទស្រី អាយុ១៩ឆ្នាំ និងអ្នករួមដំណើរជាប្អូនបង្កើតឈ្មោះ រិន រី ភេទប្រុស អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទិសដៅពីកើតទៅលិច បានឡើងវ៉ាជែងរថយន្តធុនធំ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-1265 ទិសដៅស្របគ្នា រួចទៅប៉ះជាមួយម៉ូតូដឹកផ្លែទុរេន ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AB-5595 បើកបរដោយឈ្មោះ ហ៊ិន ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅស្រុកសំឡូត ទិសដៅពីលិចទៅកើត បន្ទាប់មកក៏បានរ៉េចង្កូតទៅប៉ះរថយន្តខាងលើ បណ្តាលអោយដួលកិនស្លាប់ម្នាក់ និងពីរនាក់រងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាប្អូនប្រុសត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមណ្ឌលសុខភាពភ្នំសំពៅ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងបីត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី