រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងបង្កើតគណកម្មការចំរុះចុះពិនិត្យស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពពលរដ្ឋអាស្រ័យផល ក្នុងអាងធនធានទឹក ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំបង្កើតគណកម្មការចំរុះថ្នាក់ខេត្ត ចុះពិនិត្យស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលើដីដែលពលរដ្ឋកំពុងអាស្រ័យផលនៅក្នុងផ្ទៃអាងទឹក ស្ថិតក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក។

នេះបើយោងតាមការលើកឡើងរបស់លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ក្នុងអង្គប្រជុំពិភាក្សាលើសំណើរសុំវាស់វែងនិងចុះបញ្ជីដីជូនប្រជាពលរដ្ឋ១៥៦គ្រួសារនៅភូមិតាដែងថ្មី តាដែងចាស់និងភូមិតានួន ក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោក ជេត ដុំ បានលើកឡើងថា អភិបាលខេត្តកំពង់ស្ពឺ ជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋ និងជាប្រធានគណកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត លោក ជាម ច័ន្ទសោភ័ណ បានជម្រុញឱ្យមានការដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងនិងអាស្រ័យផល។ប៉ុន្តែទន្ទឹមនិងការប្រគល់នេះ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែសិក្សា ស្រាវជ្រាវនិងចុះឱ្យដល់មូលដ្ឋានឬដីដែលអាស្រ័យផលជាក់ស្តែង ដើម្បីរកឃើញអ្នកគ្រប់គ្រងអាស្រ័យផលពិតប្រាកដនិងអ្នកដែលមានតែឈ្មោះហើយមិនបានធ្វើអ្វីសោះ។

លោកនាយករងរដ្ឋបាលបានគូសបញ្ជាក់ថា ស្ថិតិពលរដ្ឋដែលសុំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺកំណត់ព្រំអាងទឹកហើយកាត់ឆ្វៀលដីប្រគល់ឱ្យពលរដ្ឋមានរហូតដល់១៥៦គ្រួសារ តាមការអះអាងថា ដីដែលពួកខ្លួនបាននិងកំពុងអាស្រ័យផលគឺបានមកពីឪពុកម្តាយចែកឱ្យនិងខ្លះបានពីរដ្ឋចែកឱ្យ ដោយក្នុងនោះ អាជ្ញាធរឃុំក៏បានបញ្ជាក់ថាពួកគាត់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៦-១៩៨៧មកម្ល៉េះ ហើយដីនេះជាដីសាមគ្គីមិនមានឯកសារកាន់កាប់ច្បាស់លាស់នោះទេ។

មួយវិញទៀតប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺលោក ញ៉ាញ់ ជាបហ៊ង បានសុំឱ្យអាជ្ញាធរខេត្តធ្វើការស្រាវជ្រាវនិងបញ្ជាក់អត្តសញ្ញាណឱ្យបានច្បាស់លាស់សម្រាប់ពលរដ្ឋពាក់ពន្ធ័ទាំង១៥៦គ្រួសារនេះដែរ ហើយក្នុងករណីរកឃើញថា ការកាន់កាប់អាស្រ័យផលមានលក្ខណ:សមស្រប នោះមន្ទីរនិងការកាត់ឆ្វៀលជូនពលរដ្ឋតាមនីតិវិធី ប៉ុន្តែក្នុងការចុះពិនិត្យនោះសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងធនធានទឹកចូលរួមក្នុងការចុះអង្កេតនោះផងដែរ។

ជាមួយនិងការលើកឡើងនេះលោក ជេត ដុំ បានធ្វើការក្រើនរំឭកដល់អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំងបីភូមិ ចុះប្រមូលទិន្នន័យ គនូសបង្ហាញទីតាំងដីជាក់លាក់ដើម្បីមានមូលដ្ឋានដោះស្រាយក្នុងក្របខណ្ឌគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តជាមួយអង្គភាពប្រឆាំងអំពើពុករលួយនិងស្ថាប័នអន្តរក្រសួងពាក់ព័ន្ធ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This