សប្បុរសជនចិន ផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្ស និងសាលារៀនក្នុងទីជនបទនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ជាការចូលរួមចំណែក លើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សប្បុរសជនចិន បាននាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទាន ចែកដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាវាលធំ ដែលស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងពិធីទទួលសម្ភារសិក្សា ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងគិតគូរពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ រួមទាំងមានការចូលរួមពីសប្បុរសជននានា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអគារសិក្សា និងសម្ភារសិក្សាផ្សេងៗ សាលារៀននេះ មានកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំសិក្សា២០២៤-២០២៥ មានសិក្សាជាង ៣០០នាក់ កំពុងសិក្សារៀនសូត្រ ។

លោកបន្តថា ជាក់ស្ដែងក្រៅពីបានជួយទិញកសិផលរបស់កសិករ នៅក្នុងខេត្តកំពង់ស្ពឺ និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដោយផ្ទាល់ និងពលរដ្ឋមកពីតំបន់ផ្សេងៗ រោងចក្រហ្សុងបាវកែច្នៃផ្លែឈើ ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើកទឹកចិត្តដល់សិស្ស ដែលបានទទួលចំណាត់ថ្នាក់ល្អ គឺផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឲ្យសាលារៀននេះ មានសិស្សមករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន ។

លោក អ៊ូ យ៉ាងជៀនពីន (Chen Junhui) អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោងចក្រកំពុងមានការរីកចម្រើន ក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ដែលពីមុនអាចជួយទិញផ្លែស្វាយពីប្រជាពលរដ្ឋត្រឹម ១ម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្នកើនដល់៩ម៉ឺនតោន ដែលអាចផ្ដល់ឱកាសការងារ ដល់កម្មករជាង ៣ពាន់នាក់ ហើយគ្រោងពង្រីកការទិញផ្លែស្វាយពីកសិករបន្ថែមទៀត ។

លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រ និងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនេះ រោងចក្រក៏មិនភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាមរយៈការផ្ដល់សៀវភៅសិក្សាដល់សិស្ស ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និងមានសៀវភៅរឿងនិទានដាក់ក្នុងបណ្ណល័យ សម្រាប់ទុកឲ្យសិស្សអាន និងសិក្សារៀនសូត្រ ។

ជាមួយនេះ លោកបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែលបានជួយសម្របសម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រ ឲ្យពួកគេបានរៀនសូត្រ ដូចកូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឲ្យពួកគេមានចំណេះដឹង ចេះអាន និងចេះសរសរជាដើម ។

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This