ទំនិញខូចគុណភាព នាំចូលពីប្រទេសថៃ ឆ្លងឡាវចូលកម្ពុជា ជាង៥តោន ត្រូវសមត្ថកិច្ចចាប់ដុតបំផ្លាញចោល

ព្រះវិហារ ៖ ទំនិញខូចគុណភាពជាច្រើនមុខរបស់ថៃ ដែលនាំចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់និងសម្រេចដុតកំទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។

ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្ត រួមមាន ៖ មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ,  លោក ជាប  សៅ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។

ប្រតិបត្តិការនេះសមត្ថកិច្ច ត្រួតពិនិត្យឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម ៖ ១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម, ២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម, ៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម, ៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម ។ ទំនិញទាំង៤មុខខាងលេី សរុបទម្ងន់ ៥១៤០គីឡូក្រាម (ប្រាំតោនមួយរយសែសិប) ។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់គយ។

សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធាអង្គភាព ង៧០ អង្គភាពសឹករងខេត្ត និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥ ៕

ដោយ ៖ រ៉ាស៊ី 

CATEGORIES
Share This