ទំនិញជាច្រើនមុខ បម្រុងនាំឆ្លងអូរព្រំដែនចូលកម្ពុជានៃស្រុកម៉ាឡៃ ត្រូវសមត្ថកិច្ចថៃបង្រ្កាបបាន
ម៉ាឡៃ ៖ យោធាថៃកាលពីព្រឹកថ្ងៃទី២៩ សីហា ២០២៥ នៅចំនុចមាត់អូរព្រំដែនខាងថៃ ក្នុងភូមិបានណងព្រឺ ឃុំផាន់សឿក ខេត្តស្រះកែវឈមនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបង្រ្កាបបានទំនិញគេចពន្ធជាច្រើនប្រភេទ បម្រុងនាំចេញមកកម្ពុជាតាមអូរព្រំដែនថៃកម្ពុជា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃសមត្ថកិច្ចថៃ រួមមានមន្ត្រីនៃក្រុមការងារ ប៊ូរ៉ាផា ក្រុមការងារ អារញ្ញប្រាថេត កងវរសេនាធំលេខ១២ និងកងវរសេនាតូចទ័ពសេះលេខ៣០ បានចុះល្បាតនៅតាមព្រំដែនថៃកម្ពុជាបានរកឃើញទំនិញប្រើប្រាស់មួយចំនួនធំ ស្ថិតនៅទីតាំងខាងលើ។ វត្ថុដែលសមត្ថកិច្ចថៃរឹបអូសបានមានច្រើនប្រភេទ រួមមានអាហារ និងគ្រឿងផ្សំសំខាន់ៗដូចជា ទឹកដោះគោហួត ទឹកដោះគោដូង ម្ទេសក្រៀម ទឹកស៊ីអ៊ីវ ទឹកស៊ីអ៊ីវ ម្សៅស៊ុប មីកែវ និងប្រហិតសាច់ជ្រូក។ អាជ្ញាធរសមត្ថកិច្ចថៃបានរឹបអូសទំនិញដែលរឹបអូសបានទាំងអស់ប្រគល់ឲ្យមន្ត្រីគយអារញ្ញ។
សូមបញ្ជក់ថា ទីតាំងដែលបង្រ្កាបបានទំនិញខាងលើគឺស្ថិតនៅម្តំនៃច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកាលពីប៉ុន្មានថ្ងៃមុន ខាងអាជ្ញាធរនឹងសមត្ថកិច្ចកម្ពុជា បានបង្រ្កាបបានទំនិញនាំចូលពីថៃ នៅនឹងមាត់អូរព្រំដែនកម្ពុជាថៃ នៃខាងជើងច្រកតំបន់ម៉ាឡៃដែរ ៕




