ជំនន់ទឹកភ្លៀង កំពុងវាយលុកយ៉ាងគំហុក នៅតំបន់ស្រុកសំឡូត ជាប់ព្រំដែនកម្ពុជា ថៃ
បាត់ដំបង ៖ ខណៈដែលភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតជាប់ព្រំដែនកម្ពុជា ថៃ បានបង្កជាជំនន់ផ្លូវជាច្រើនកន្លែងត្រូវបានទឹកហូរកាត់។
យោងតាមរបាយការណ៍របស់លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់ពីម៉ោងប្រមាណ០២រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើអោយស្ថានភាពទឹកនៅស្ទឹង អូរ ប៉ែកខាងលើក្នុងឃុំសំឡូត និងឃុំតាតោក គឺស្ថានភាពទឹកមានការកើនឡើងពីកម្រិតមធ្យមទៅខ្លាំង ក្នុងនោះឃុំតាតោក ទឹកហូរកាត់ផ្លូវចំនួន០៣កន្លែងមិនអាចធ្វើដំណើរបាន ដោយឡែកឃុំតាសាញ នៅចំណុចភូមិតាសាញត្បូង ទឹកហូរកាត់ផ្លូវតែអាចធ្វើដំណើរឆ្លងកាត់បាន ហើយទឹកនៅស្ទឹងទាំង២នេះបានកំពុងហូរធ្លាក់ខ្លាំងទៅទំនប់ពហុបំណងសេកសក ប៉ុន្តែរហូតមកដល់ពេលនេះទឹកពុំទាន់មានការលិចលង់ដល់ផ្ទះប្រជាពលរដ្ឋឡើយ។
ជាមួយជំនន់ទឹកភ្លៀងខាងលើនេះ ក្នុងនាមអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកនៅបន្តតាមដាននិងណែនាំទៅដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ អោយតាមដាននឹងត្រៀមអន្តរាគមភ្លាមៗក្នុងករណីកើតឡើងជាយថាហេតុណាមួយ ៕






ដោយ ៖ សាលី