ផ្ទុះការប្រកែកគ្នាតឹងសសៃករ ដោយសារមន្រ្តីសាលាខេត្តកំពង់ធំម្នាក់ ហាមឃាត់មិនអោយខាងក្រុមហ៊ុនដេញថ្លៃគម្រោងឃុំ ចុះបញ្ជីវត្តមាន

កំពង់ធំ ៖ គ្រាន់តែរឿងចុះបញ្ជីវត្តមានសោះ ! មន្ត្រីរដ្ឋបាលខេត្តកំពង់ធំម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល ដែលមិនដឹងថា មានតួនាទីភារកិច្ចអ្វី ក្នុងការដាក់ឲ្យដេញថ្លៃគម្រោងមូលនិធិឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពុងធំ បានប្រតិកម្មចាត់ចែងជំនួសអាជ្ញាធរឃុំក្នុងការហាមឃាត់ មិនអោយក្រុមហ៊ុនដែលមានសិទ្ធិក្នុងការដេញថ្លៃ ធ្វើការចុះបញ្ជីវត្តមានទាំងមិនទាន់ដល់ម៉ោងកំណត់ នៃការដេញថ្លៃនៅវេលាម៉ោង៣ រសៀលថ្ងៃទី២៨ ខែសីហា ២០២៥ ។

ការចេញមុខក្នុងឥរិយាបថមិនសមជាមន្រ្តីបំរើពលរដ្ឋហាមឃាត់មិនឲ្យខាងក្រុមហ៊ុន ចុះបញ្ជីវត្តមានដេញថ្លៃខាងលើ បានបង្កជាជម្លោះតឹងសសៃករដាក់គ្នា ធ្វើអោយអ្នកចូលរួមដេញថ្លៃជាច្រើននាក់ ហួសចិត្តថា គ្រាន់តែចុះបញ្ជីវត្តមានសោះ ក៏មន្រ្តីរូបនោះតានតឹងដែរ ហាក់ដូចជាមានពិរុទ្ធអ្វីមួយ ក្នុងការដេញថ្លៃនេះ។

បើតាមតំណាងក្រុមហ៊ុនមួយចំនួន ដែលមានវត្តមានចូលរួមក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំខាងលើ បានឲ្យដឹងថា នៅខេត្តកំពង់ធំ ជុំវិញការដេញថ្លៃគម្រោងមូលនិធិឃុំនានា ហាក់មានភាពមិនប្រក្រតី តាមរយៈការតានតឹង  កំណត់ពេលវេលាលើការចុះបញ្ជីវត្តមានមុនពេលដេញថ្លៃ និងមានភាពតានតឹងលើលក្ខខណ្ឌជាច្រើន ទៅលើអ្នកដេញថ្លៃខុសពីសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ (សៀវភៅភីន)។ ការតានតឹងនេះមិនមែនអាជ្ញាធរឃុំជាអ្នកតានតឹងទេ គឺតែងកើតឡើងពីគ្រប់កន្លែងដេញថ្លៃថ្នាក់ឃុំ ពីបុគ្គលឈ្មោះ ពីសី ដែលពួកគាត់មិនស្គាល់ច្បាស់ ពីតួនាទីរបស់បុគ្គលឈ្មោះ ពី សី នេះឡើយ ដោយគ្រាន់តែដឹងថា បុគ្គលនេះជាមន្រ្តីនៅសាលាខេត្ត ហើយតែមានវត្តមានស្ទើគ្រប់ការដេញថ្លៃគម្រោងមូលនិធិកឃុំ។ ហើយតែប្រើអំណាចរបស់ខ្លួនហាមឃាត់ និងស្ដីបន្ទោសទៅលើក្រុមអ្នកដេញថ្លៃគ្រុបទីកន្លែង។ ដោយឡែកប្រភពខ្លះ បាននិយាយថា មូលហេតុដែលមន្ត្រីឈ្មោះ ពិសី នេះតែងតានតឹងដាក់អ្នកក្រុមអ្នកដេញថ្លៃ គឺ ដោយសារតែបុគ្គលនេះមានក្រុមហ៊ុនដេញថ្លៃនៅពីក្រោយខ្នង ត្រូវរូវគ្នាជាប្រព័ន្ធក្នុងក្របខ័ណ្ឌខ្សែបណ្តោយ នៃមន្រ្តីការងាររបស់ខ្លួនដោយដេញថ្លៃមានតំលៃថ្លៃតិចជាងតំលៃប៉ានស្មានរបស់រដ្ឋ។

ដោយឡែកបើតាមតំណាងក្រុមហ៊ុន ដែលទៅដេញថ្លៃហើយត្រូវបានបុគ្គល ពិសី នេះហាមឃាត់បានឲ្យដឹងថា ដោយសារតែមុនការដេញថ្លៃ មានភ្លៀងខ្លាំងធ្វើឲ្យពួកគាត់មានការយឺតយ៉ាវ មិនអាចចេញពីរថយន្តចូលទៅសាលាឃុំបាន តែមិនទាន់ហួសម៉ោងកំណត់នៃការដេញថ្លៃទេ។ ហើយរូបលោកក៏បានសុំការអនុញ្ញាតក្នុងការចុះបញ្ជីវត្តមានយ៉ាងស្រួល ដោយមិនមានការយល់ទាស់អ្វី ពីអាជ្ញាធរឃុំនោះទេ។ តែស្រាប់ពេលដែលគាត់កំពុងចុះបញ្ជីវត្តមាន បុគ្គលឈ្មោះ ពិសី ខាងលើ បានហាមឃាត់យ៉ាងតានតឹងទាំងរូបលោកជាអ្នកចុះបញ្ជីវត្តមាន និយាយស្រួលជាមួយ និងសួរថា លោកមានតួនាទីអ្វីបានជាហាមឃាត់ គ្រាន់តែចុះវត្តមានសោះទាំងអាជ្ញាធរឃុំ មិនបានហាមហើយថែមទាំងអោយបញ្ជីវត្តមានមកចុះទៀត។

តាមប្រភពនានា បានអោយដឹងទៀតថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ នៅខេត្តកំពង់ធំ បើអ្នកមកដេញថ្លៃមិនបានចុះបញ្ជីមុន តាមដែលគេកំណត់គឺមិនអោយដេញថ្លៃឡើយ ដែលការកំណត់នេះខុសពីខេត្តផ្សេង។

ដោយឡែកបើតាមលោក ព្រាប ហាវ មេឃុំទួលគ្រើលបានឲ្យដឹងថា ពិតជាមានការប្រកែកគ្នា នៅពេលដេញថ្លៃមូលនិធិឃុំពិតមែន ដោយសារតែការចុះបញ្ជីអវត្តមាន យឺតខុសពីការកំណត់របស់ឃុំ ពីសំណាក់ខាងក្រុមហ៊ុនដេញថ្លៃ បង្កឲ្យមានការប្រកែកគ្នាតែមិនបានរារាំងក្នុងដំណើរការដេញថ្លៃនោះទេ។ លោកមេឃុំ បានឲ្យដឹងទៀតថា ការដេញថ្លៃគម្រោងមូលនិធិឃុំ គឺជា ភារកិច្ចរបស់ឃុំ ចំពោះលោក ពីសី គឺតាមច្បាប់គាត់មិនមានភារកិច្ចអ្វីទេ តែដោយសារតែខាងឃុំ មិនសូវយល់ពីបច្ចេកទេស ក៏មានការសម្របសម្រួសពីខាងការិយាល័យវិនិយោគ និងម្យ៉ាងទៀតការឈ្លោះប្រកែកគ្នានោះ មិនមានអ្វីពាក់ព័ន្ធនិងឃុំឡើយ។

សូមបញ្ជក់ថា ការដេញថ្លៃគម្រោងមូលនិធីឃុំទួលគ្រើលខាងលើ គឺ លើការដេញថ្លៃលើគម្រោងផ្លូវគ្រួសក្រហមប្រវែងមួយពាន់ម៉ែត្រ ទទឹងដីស ៧ម៉ែត្រទ ទឹងគ្រួស ៥ ម៉ែត្រ កម្រាស់គ្រួស ១៥០មីលីម៉ែត្រ និងស្លាកសញ្ញាគម្រោងមួយកន្លែង។ សាងសង់លូមូល ទោលអង្កត់ផ្ចិតមួយម៉ែត្រប្រវែង ៧ ម៉ែត្រចំនួន ១កន្លែង សាងសង់លូមូលភ្លោះអង្កត់ផ្ចិត មួយម៉ែត្រប្រវែង ៧ម៉ែត្រ ចំនួន១កន្លែង ៕

CATEGORIES
Share This