ឯកឧត្តម សូ ខនឫទ្ធីគុណ អញ្ជើញ ជាអធិបតី ចាប់ឆ្នោតឡូតិ៍ដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋានឃុំប៉ោយចារ ស្រុកភ្នំស្រុក នៃគម្រោង LASED III
បន្ទាយមានជ័យ ៖ បន្ទាប់ពីគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្ត បានប្រជុំអនុម័តលើបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីអាទិភាព និងបម្រុងរួចមក រដ្ឋបាលខេត្តនឹងរៀបចំពិធីចាប់ឆ្នោតឡូតិ៍ដីសម្បទានសង្គមកិច្ចថ្នាក់មូលដ្ឋានឃុំប៉ោយចារ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងបែងចែកដីធ្លីជូនប្រជាពលរដ្ឋដែលគ្មានដីធ្លី ឬខ្វះខាត ប្រកបដោយតម្លាភាព។
កម្មពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រារព្ធ ឡើង នៅបរិវេណទីតាំងដីសម្បទានសង្គម កិច្ច LASED III ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។
លោក ឃ្លោក នួយ អភិបាល រងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសដីឡូត៍នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ គឺជាផ្នែកមួយ នៃកម្មវិធីបែងចែកសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះការងារនេះតម្រូវឱ្យមានការគោរពគោលការណ៍សមធម៌ តម្លាភាព ស្ថេរភាពសង្គម និងឆ្លើយតបទៅនឹងចូលរួមរក្សាពូនជ្រំមរតកដ៏មាន តម្លៃរបស់ថ្នាក់ដឹកនាំមុនៗបន្សល់ទុកឱ្យ។
ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III បញ្ជាក់ថា ដើម្បីចូលរួមសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការ អនុវត្តគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាល តាមរយៈការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល បានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ដើម្បីជំរុញអនុវត្តតាមគោលការណ៍ និងនីតិវិធី នៃការចាប់ឆ្នោតជ្រើសរើសដីឡូត៍ក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោង LASED III នៅខេត្តបន្ទាយមានជ័យ៕









