នគរបាលស្រុកម៉ាឡៃ ស្ទាក់ឃាត់ពលករខ្មែរ ១៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ
បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រី ១៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ស្ទាក់ឃាត់ដំណើរ ខណៈពួកគេបម្រុងឆ្លងដែនខុសច្បាប់ ចូលទៅក្នុងប្រទេសថៃ ដើម្បីធ្វើការជាកម្មករសំណង់ ។
ការស្ទាក់ឃាត់ដំណើរនេះធ្វើឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំព័រ នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដោយបានស្ទាក់ឃាត់ពលករចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមាន ០៩នាក់ មកពីស្រុកភ្នំស្រុក, ០២នាក់ មកពីស្រុកព្រះនេត្រព្រះ និង០៤នាក់ មកពីស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។
ក្នុងជំនួបជាមួយពលករទាំង១៥នាក់ខាងលើ លោកស្រី រស់ សុផានី អភិបាលរងតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ បង្ហាញពីហានិភ័យអំពីការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ពិសេសក្នុងបរិបទដែលប្រទេសថៃកំពុងឈ្លានពានប្រទេសកម្ពុជា ។ ក្នុងនោះ លោកស្រី ក៏បានសំណូមពរឲ្យបងប្អូនពលករ ងាកមកធ្វើការងារនៅក្នុងស្រុកវិញ និងធ្វើការដាំដុះ ដំណាំបន្លែបង្ការ ស្រែចំការសិនទៅជៀសវាងការលួចឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថានដែលធ្វើមានគ្រោះថ្នាក់ និងត្រូវថៃចាប់បានយកទៅទុក្ខទោសផ្សេងៗ ។
តាមការឲ្យដឹងពីពលករខ្មែរខាងលើ បានឲ្យដឹងថា ដោយសារពួកគាត់ពិបាករកការងារធ្វើនៅក្នុងស្រុកទើប សម្រេចចិត្តតាមការល្បួងរបស់មេខ្យល់ ទៅការជាកម្មករសំណង់នៅប្រទេសថៃ ដោយមេខ្យល់សន្យាថា នឹងនាំទៅដល់កន្លែងធ្វើការ ហើយគេយកលុយក្នុង ៥,០០០បាត(ប្រាំពាន់បាត) ប៉ុន្តែមិនទាន់បានចេញផងក៏ត្រូវឃាត់ដំណើរតែម្តង ។
ក្រោយស្ទាក់ឃាត់ពលករខ្មែរទាំង ១៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ច អាជ្ញាធរធ្វើការអប់រំ ធ្វើកិច្ចសន្យាឈប់ឆ្លងដែនខុសច្បាប់ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។





