ប្រហុកម្សៅកម្ពុជា បាននិងកំពុងទទួលបានការគាំទ្រ ពីសហគមអ៉ឺរ៉ុប និងប្រទេសមួយចំនួនទៀត
ភ្នំពេញ ៖ ប្រហុកម្សៅកម្ពុជា ទទួលបាននិងកំពុងទទួលបានការគាំទ្រសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប និងប្រទេសមួយចំនួនទៀត ក្រោមការជួយជ្រោមជ្រែងពីគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល(CAPFISH-Capture) គាំទ្រថវិកាដោយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ។
នេះបើយោងតាមលើកឡើងរបស់លោក ពុំ សុថា មន្ត្រីជាន់ខ្ពស់ជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសម្ពោធសិប្បកម្មផលិតនិងកែច្នៃផលិតផលជលផល ខនហ្វីរេល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមកម្មវិធីទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលបានលើកឡើងថា នៅលើទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ប្រហុកម្សៅកម្ពុជាបាននិងកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយកំណើននៃការលក់មានរហូតដល់ជាង១០ពាន់កែវ បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីផលិត ផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) កម្ពុជា។
លោកថាប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) កម្ពុជា និងប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ការគាំទ្រជាបន្តបន្ទាប់ ត្រូវបានផ្តល់ជូនដល់សមាគមប្រហុកសៀមរាបស្តីពីការគ្រប់គ្រងបទបញ្ជាផ្ទៃក្នុង តួនាទីគណៈកម្មាធិការ ម៉ាកយីហោ ការផ្សព្វផ្សាយ និងកិច្ចការពាក់ព័ន្ធ។
ជាមួយនោះដែរបើលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុនខនហ្វីរេល កែច្នៃប្រហុកម្សៅ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ បានឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មមានលទ្ធភាពអាចកែច្នៃប្រហុកម្សៅបាន៥ពាន់កែវ ស្មើនឹងទម្ងន់១តោនប្រហុកក្នុងមួយថ្ងៃ។ហើយប្រហុកម្សៅនេះ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់បង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ដោយឡែក លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់UNIDO ប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រហុកម្សៅដែលផលិតដោយសិប្បកម្មខនហ្វីរែលត្រូវបានផ្គត់ផ្គង់វត្ថុធាតុដើម ដោយប្រជានេសាទក្នុងស្រុក។ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងCAPFISH-Capture សិប្បកម្មកំពុងផ្សព្វផ្សាយផលិតផលប្រហុកម្សៅ អនាម័យច្នៃប្រឌិតថ្មីៗទៅកាន់ទីផ្សារក្រៅស្រុកនិងបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ។
លើកឡើងក្នុងឱកាសនោះដែរលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសង្កត់ធ្ងន់ថា រាជរដ្ឋា ភិបាលកម្ពុជា បានខិតខំនិងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មផលិតផលនិងពង្រីកទីផ្សារនាំចេញ ព្រមទាំងជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ហើយដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH បានជួយដល់សិប្បកម្មកែច្នៃប្រហុកម្សៅឱ្យទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ៕


















ដោយ ៖ ប៊ុត សារុន