សមិទ្ធផលថ្មីនៃប្រវិត្ដសាស្ដ្រកម្ពុជា គឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមបើកដំណើរទទួលជើងហោះហើរ

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសមិទ្ធផលថ្មីនៃប្រវិត្ដសាស្ដ្រកម្ពុជា ស្ថិតក្នុងខេត្ដកណ្ដាល និងខេត្ដតាកែវនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះចាប់ផ្តើមដំណើរការទទួលជើងហោះហើរហើយ។

ដោយជើងហោះហើរដំបូងគេ ដែលត្រូវចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ត្រូវបានទទួលស្វាគមន៍ ដោយលោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរផងដែរ ។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានតម្លៃប្រមាណ ១៥០០លានដុល្លារអាមេរិក ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

ការបើលដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបសាងសង់រួចថ្មី នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ២០២៥នេះ ក្រោយពីម៉ោង១២រំលងអធ្រាត អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បានបិទដំណើរការទាំងស្រុង បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល៦៦ឆ្នាំ បើគិតមកត្រឹមឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ២០២៥ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេច បានអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ  ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។
វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា ៕

CATEGORIES
Share This