សហភាពអ៉ឺរ៉ុប គ្រោងផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពសុវត្ថិភាពអាហារ ដល់សហគ្រាសសាន់នីហ្វីសខេត្តសៀមរាប
សៀមរាប ៖ បន្ទាប់ពីមានការគាំទ្របច្ចេកទេស ថវិកា និងស្តង់ដារអនាម័យ ធានាបាននូវសុវត្ថិភាពចំណីអាហារ សហគ្រាស សាន់នី ហ្វីសបាននិងកំពុងត្រៀមខ្លួនទទួលនូវវិញ្ញាបនបត្របញ្ជាក់គុណភាពសុវត្ថិភាព ពីសហភាពអឺរ៉ុបក្នុងការនាំផលិតផលជលផលដែលផលិតបាន ចូលទៅទីផ្សារសហភាពអឺរ៉ុប កាន់តែទូលំទូលាយជាងមុន ។
នេះបើយោងតាមសម្តីលោកស្រី ស៊ឹម សិរីរ័ត្ន ម្ចាស់សហគ្រាស សាន់នី ហ្វីស ស្ថិតក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកស្រី ស៊ឹម សិរីរ័ត្ន បាននិយាយថាសហគ្រាស សាន់នី ហ្វីស(Sunny Fish)របស់កូនខ្មែរអ្នកសៀមរាបបានកកើតឡើងរយ:ពេល២៥ឆ្នាំមកហើយលើការផលិតកែច្នៃផលិតផលជលផលទឹកសាបមានដូចជាត្រីស្រស់បង្កក ត្រីងៀត ត្រីឆ្អើរ ត្រីផាត់ ផ្អក និងប្រហុកសាច់។ក្នុងដំណើរការផលិតនេះដែរ សហគ្រាសបានទទួលការជ្រោមជ្រែងគាំទ្រជំនួយថវិកានិងបច្ចេកទេសកែច្នៃផលិតផលជលផលពីសហភាពអឺរ៉ុប តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ទៅលើខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ គុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតក្រោមកម្មវិធី ISF ដែលជាគម្រោងផ្តល់កញ្ចប់សហវិនិយោគ និងប្រាក់កម្ចីពីធនាគារដើម្បីកែលម្អទីតាំង និងបរិក្ខា កែច្នៃរបស់ខ្លួន ដោយអនុវត្តតាមលក្ខខណ្ឌវិញ្ញាបនបត្រHACCP។
ទន្ទឹមនិងមានការគាំទ្រនេះ លោកស្រី ស៊ឹម សិរីរ័ត្ន បានបញ្ជាក់ថា សហគ្រាស សាន់នី ហ្វីសអាចនាំចេញផលិតផលមួយចំនួន ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ពីព្រោះតែផលិតផលជលផលទាំងនេះធានានូវសុវត្ថិភាពចំណីអាហារ និងគ្មានផ្ទុកសារធាតុគីមី ។ ក្រៅពីនេះ សហគ្រាសក៏បានជួយលើកកម្ពស់ជីវភាពប្រជានេសាទ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារល្អប្រសើរជាងមុន។ដោយការណ៍ហើយសហគ្រាសក៏បាននិងកំពុងត្រៀមខ្លួនក្នុងការទទួលបាននូវវិញ្ញាបនបត្រ ហាសាប់ ពីសហភាពអឺរ៉ុប សម្រាប់ការនាំចូលផលិតផលទៅកាន់សហភាពអឺរ៉ុប និងទីផ្សារនៃបណ្តាប្រទេសមួយចំនួនទៀត ខណៈកន្លងទៅ សហគ្រាសនេះ ក៏បានបាននាំផលិតផលមួយចំនួនទៅកាន់ទីផ្សារប្រទេសសហភាពអឺរ៉ុបនិងបណ្តាប្រទេសមួយចំនួនរួចហើយ ពិសេសគឺប្រទេសអូស្ត្រាលី។
ម្ចាស់សហគ្រាស សាន់នី ហ្វីស លោកស្រី ស៊ឹម សិរីរ័ត្ន ក៏បានបញ្ជាក់បន្ថែមផងដែរថា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាធ្វើពហិកា មិនប្រើប្រាស់ផលិតផលពីប្រទេសសៀម ធ្វើឱ្យការលក់ផលិតផលជលផលពីសហគ្រាសរបស់សាន់នីហ្វីសមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះតម្រូវការនិងការបញ្ជាទិញពីសហគ្រាសសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិនិងសហភាពអ៉ឺរ៉ុបក៏បានមានការកើនឡើងខ្ពស់ផងដែរ។
ជុំវិញការលើកឡើងនេះមន្ត្រីជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានអះអាងដែរថា ការរីកចម្រើននៃវិស័យកែច្នៃជលផលពិតជាមានសារៈសំខាន់ ជំរុញដល់ការនាំចេញនិងថែរក្សាសុខភាពសាធារណៈ ធានាបាននូវសុវត្ថិភាពចំណីអាហារ។កន្លងមកសិប្បកម្មមួយចំនួន បាននាំចេញផលិតផលជលផលទៅប្រទេសចិន អូស្ត្រាលី និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុប។ ផលិតជលផលកម្ពុជា បានអនុវត្តតាមនិយាមគុណភាព អនាម័យ សុវត្ថិភាព តាមនិយាមអន្តរជាតិ ដែលក្រសួងនិងដៃគូសហការចង់បាន ដើម្បីធានាសុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់ ទាំងនៅក្នុងស្រុក និងអ្នកប្រើប្រាស់នៅក្រៅប្រទេស ងាយស្រួលពង្រីកទីផ្សារឱ្យបានកាន់តែធំទូលាយ ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអង្គការដៃគូ បានកំពុងអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) ដែលជាកម្មវិធីជលផលដ៏ធំមួយ គាំទ្រថវិកាពីសហភាពអឺរ៉ុប មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យរយៈ ពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ជាងនេះគម្រោង មានគោលដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាបន្នដោយផ្តោតលើការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ច(FCA) ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសជលផលក្រោយប្រមូលផលតាម រយៈការកសាងសមត្ថភាព ការអភិវឌ្ឍជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ការបង្កើតយន្តការគាំទ្រ និងដាក់ចេញនូវកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យមដើម្បីធានាឱ្យបាននូវនិរន្តរភាពសម្រាប់វិស័យនេះ ៕
















ដោយ ៖ ប៊ុត សារុន