សិប្បកម្ម យន់ ស៊ីនួន  ខេត្តសៀមរាប តាំងចិត្តបង្កើនការកែច្នៃត្រីងៀត និងត្រីឆ្អើរដែលមានគុណភាព ដើម្បីនាំចេញទៅលក់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ

សៀមរាប ៖ លោកស្រី យប់ ស៊ីនួន ម្ចាស់សិប្បកម្មកែច្នៃផលិតផលជលផល យន់ ស៊ីនួន ដែលស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានតាំងចិត្តបង្កើនការផលិតនិងកែច្នៃត្រីងៀត ត្រីឆ្អើរដែលមានគុណភាពដោយមិនប្រើប្រាស់គីមី ដើម្បីនាំចេញទៅលក់លើទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រី យន់ ស៊ីនួន  បានលើកឡើងថា
សិប្បកម្មកែច្នៃរបស់លោកស្រីបង្កើតឡើងក្នុងឆ្នាំ២០០២ដោយផ្តើមការកែច្នៃត្រីងៀត ត្រីឆ្អើរតាមបែបប្រពៃណី តែផ្តោតលើគុណភាពនិងអនាម័យ ហើយផ្គត់ផ្គង់តែលើទីផ្សារក្នុងស្រុកប៉ុណ្ណោះ។ក្រោយមានការគាំទ្រពីគម្រោងCAPFISH- Capture លោកស្រីបានងាក់មកផលិតនិងកែច្នៃត្រីងៀត ត្រីឆ្អើរតាមបែបនិយាមស្តង់ដារសហភាពអ៉ឺរ៉ុបវិញ ដើម្បីមានឱកាសក្នុងការនាំចេញផលិតផលសម្រេចនេះទៅកាន់ទីផ្សារក្រៅប្រទេស។

លោកស្រី យន់ ស៊ីនួន បានឱ្យដឹងបន្តថាដើមឡើយសិប្បកម្មនេះ កែច្នៃផលនេសាទសម្រាប់តែផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកប៉ុណ្ណោះ ដោយការផលិតនិងកែច្នៃនៅមានកម្រិតនិងពឹងផ្អែកតែលើវត្ថុធាតុដើមមកពីសហគមន៍នៅក្នុងភូមិ និងមួយចំនួនមកពីខាងក្រៅ។តែមួយរយៈក្រោយនេះ តាំងពីបានការវិនិយោគពីកម្មវិធី CAPFISH-Capture ដែលមានរោងសម្ងួតដែលធ្វើឱ្យផលិតផលត្រីងៀតមានកម្រិតស្តង់ដារបានធ្វើឱ្យសិប្បកម្មបង្កើនការលក់មានការកើនឡើងនិងកំពុងមានការគាំទ្រខ្លាំងពីប្រជាជននៃប្រទេសអូស្ត្រាលី  ជប៉ុន កូរ៉េ កាណាដានិងសហរដ្ឋអាមេរិក តាមរយ:ពលរដ្ឋខ្មែររស់នៅទីនោះ។

ដោយទទួលបានការគាំទ្រខ្លាំងពីទីផ្សារក្រៅប្រទេសជាច្រើននេះ លោកស្រី យន់ ស៊ីនួន ក៏បានព្យាយាមនិងខិតខំពង្រីកអាជីវកម្មរបស់ខ្លួន ដោយធានាបាននូវសុវត្ថិភាពចំណីអាហារនិងគុណភាពដើម្បីធ្វើយ៉ាងណាបំពេញឱ្យបានតាមការបញ្ជាទិញរបស់អ្នកគាំទ្រនៅក្រុងស្រុកនិងក្រៅប្រទេស។

សូមបញ្ជាក់ថា ក្រោមកិច្ចគាំទ្ររបស់គម្រោង CAPFISH-Capture សិប្បកម្មនេះ អាចអភិវឌ្ឍផលិតផលដោយជោគជ័យ រួមទាំងការវេចខ្ចប់សម្រាប់ផលិតផលសម្បូរបែបរបស់ខ្លួន។ សិប្បកម្មនេះ បានបង្កើនសមត្ថភាពផ្គត់ផ្គង់ ដល់អ្នកចែកចាយបន្តចំនួន២០សម្រាប់គោលដៅទីផ្សារ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This