ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក បណ្តាលអោយរងរបួសធ្ងន់
បាត់ដំបង ៖ បុរសម្នាក់ត្រូវបានរថយន្តបុកបណ្តាលអោយរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបំបែកហាយវេរ ស្ថិតក្នុងក្រុមទី១៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1J-1387 បើកបរដោយឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូងឆ្លងថ្នល់ ចំណែករថយន្តម៉ាកសុីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AC-4958 បើកបរដោយឈ្មោះ ភន ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់តាក់សុី រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ផ្លូវគោកចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី