គ្រឿងក្នុងមាន់បង្កកខូចគុណភាពជាង៣តោន នាំចូលតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបកម្ទេចចោល

ព្រះវិហារ៖ សមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលនីតិវីធីពីព្រះរាជអាជ្ញាខេត្តព្រះវិហារ បានធ្វើការបង្រ្កាបដុតកម្ទេចចោលនៅទំនិញខូចគុណភាពជាគ្រឿងក្នុងមាន់បង្កកជាង ៣តោន នាំចូលពីប្រទេសឡាវ មកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

បើតាមលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីឯកឧត្តម ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ  បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដចំនួន ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣តោ៥០០គីឡូក្រាម ដែលខូចគុណភាពប្រែពណ៌មិនអាចទទួលទានបាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ  ។

លោកព្រះរាជអាជ្ញារងបានឱ្យដឹងបន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ មានការចូលរួមសហការដោយសមត្ថកិច្ចចម្រុះ មាន សាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ , នគរបាលខេត្តព្រះវិហារ , អាជ្ញាធរស្រុកត្បែងមានជ័យ ,សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ។

 ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ សមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដចំនួន២គ្រឿង ទី១ មានផ្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន១,៥០០គីឡូ និងរថយន្ដទី២ មានផ្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់(កោះមាន់) ចំនួន២,០០០គីឡូ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក(កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោល។

  ចំណែករថយន្ដ២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើត្រូវបានប្រគល់ឲ្យសាខាគយនិងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់គយ៕

CATEGORIES
Share This