រថយន្តដឹកស្រូវ សង្ស័យតៃកុងងក់មួយភាំង រ៉េចង្កូតក្រឡាប់ផ្ងារជើង បណ្តាលអោយស្លាប់មនុស្សម្នាក់ និងរបួស ០៨នាក់
បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកស្រូវនៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវេ ត្រង់ចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងក្រុមទី១២ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករឡើងដោយរថយន្តធុនធំដឹកស្រូវ០១គ្រឿង ម៉ាក HYUNDAI ពាក់ផ្លាកលេខ ភ្នំពេញ4B-0919 និងខាងមុខ ភ្នំពេញ3C-1231 បើកបរដោយឈ្មោះ ងឿ ភេទប្រុស អាយុ២៣ឆ្នាំ និងអ្នករួមដំណើរ០៨នាក់ ក្នុងនោះស្រី០២នាក់ ទាំងអស់គ្នារស់នៅភូមិចំការចេក ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងក់មួយភាំងបានរ៉េចង្កូតឆ្លងទៅឆ្វេងដៃបណ្តាលអោយក្រឡាប់ផ្ងារជើងចាក់ការ៉ុងស្រូវសង្កត់បុរសជាកម្មករម្នាក់ស្លាប់ភ្លាមៗ និង០៨នាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ រថយន្តពេទ្យបានចុះទៅដឹកជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបាននគរបាលចរាចរណ៍ចុះទៅវាស់វែងធ្វើកំណត់ហេតុស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសពត្រូវបានសមត្ថកិច្ចទាក់ទងអោយក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ដោយ ៖ សាលី


