ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលអោយស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ក្រោយជិះម៉ូតូទៅបុកម៉ូតូសណ្តោងរ៉ឺម៉កកាលពីវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៨-២៤៩ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកHonda wave សេ១០០ ពាក់ផ្លាកលេខព្រៃវែង 1S-7730 សណ្ដោងរ៉ឺម៉ក(ដឹកគ្រែនិងពូក) បើកបរដោយឈ្មោះ អាន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាក Kawasaki សេ២៥០ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-5132 បើកបរដោយឈ្មោះ ទូច សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡខេត្តបាត់ដំបង ទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកពីក្រោយរ៉ឺម៉កម៉ូតូពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗបន្ទាប់មកម៉ូតូរ៉ឺម៉កបានបើករត់គេចខ្លួនទៅដល់ចំណុចភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី ធ្វើការឃាត់បានតែម្តង។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This