គ្រឿងចក្រច្រើនគ្រឿងកាយដីភ្នំបាក់កី បើករត់គេចពីក្រុមអ្នកសារព័ត៌មាន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ខណៈដែលអ្នកសារព័ត៌មាន ចុះទៅយកព័ត៌មាន ដោយផ្ទាល់ពីសកម្មភាពមានគ្រឿងចក្រកាយដីភ្នំបាក់កី ជាច្រើនគ្រឿង ស្ថិតនៅក្នុងភូមិស្វាយសឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីនៅព្រឹកថ្ងៃទី២១ ខែតុលា ២០២៥នេះស្រាប់តែ គ្រឿងចក្រដែលនៅទីនោះ បានបើករកគេចពីទីតាំងកាយដីជើងភ្នំដោយពុំដឹងមូលហេតុ ។ បង្កអោយមានការសង្ស័យពីអ្នកសារព័ត៌មានថា ការកាយដីភ្នំនោះ ជាអំពើខុសច្បាប់ ។

សកម្មភាពដែលអ្នកសារព័ត៌មាន ចុះទៅឡាយខាងលើគឺ បន្ទាប់ពីកាលពីម្សិលមិញថ្ងៃទី២០ ខែតុលា ២០២៥ មានប្រជាពលរដ្ឋនៅមូលដ្ឋាន នៃភូមិស្វាយស នៃទីតាំងភ្នំខាងលើ បានថតបង្ហោះ និងប្រាប់មកអ្នកសារព័ត៌មានពីសកម្មភាពនៃគ្រឿងចក្រជាច្រើន បានធ្វើសកម្មភាពច្រើនខែមកហើយ ក្នុងការកាយយកអាចម៍ដីពីជើងភ្នំបាក់កី រហូតស្ទើដល់កំពូលភ្នំដែលមានប្រាសាទមួយនៅខាងលើ។

តាមភាពជាក់ស្តែង និងការផ្តល់អោយដោយពលរដ្ឋ បានអោយដឹងថា ការកាយដីជើងភ្នំនេះ គឺ មានឡានបែនប្រភេទធំ ៗ ជាច្រើនគ្រឿង ចាំដឹកពីការកាយដីបន្ទាប់ពីអេស្កាប្រមាណជាបីគ្រឿង លុះពេលអ្នកព័ត៌មានចុះយកព័ត៌មានជាក់ស្តែង ស្រាប់តែបើករត់គេចពីការសួរនាំរបស់អ្នកសារព័ត៌មាន។

ពលរដ្ឋនិយាយថា ការកាយដីភ្នំបាក់កីនេះ វាបានធ្វើអោយប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ដោយខូចសោភ័ណភាពភ្នំ ដែលជាសម្បត្តិធម្មជាតិ នាំអោយមានការបាក់ដី មានរណ្តៅបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ ។

បើតាមការអោយដឹងពីលោក ផេង ប៉ោត មេឃុំផ្គាំ បានអោយដឹងនៅព្រឹកថ្ងៃទី២១នេះថា ចំពោះការកាយដីភ្នំនេះ មានរយៈពេលច្រើនខែមកហើយ ជាមួយគ្នានោះលោកបានទាក់ទង់សួរនាំរកឯកសារ ពីខាងក្រុមកាយដីដែរតៃគេប្រាប់មកថា គេមានឯកសារអស់ហើយ តែមិនបានអោយលោកដឹងឡើយ។  ក្រោយមកលោកបានរាយការណ៍ទៅអភិបាលស្រុក ហើយខាងស្រុកថា ចាំចុះមកពិនិត្យ រហូតដល់ពេលនេះមិនទាន់ឃើញចុះមកទេ។

លោកបានបន្តថា តាមការពិនិត្យជាក់ស្តែង មានក្រុមហ៊ុនបី បានធ្វើសកម្មភាពកាយដីដោយគេថា កាយយកធ្វើផ្លូវជាតិលេខ៥ តែក៏មានការលក់ក្រៅខ្លាំងដែរដែលធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកមិនពេញចិត្ត ព្រោះសកម្មភាពកាយដីនេះ មិនបានប្រយោជន៍ ឬក៏អភិវឌ្ឍន៍អ្វីដល់ភូមិឃុំទេ ។

ជុំវិញការកាយដីនេះ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក លឿម សុភ័ក្រ អភិបាលស្រុកស្វាចេកបានទេ តាមរយៈប្រព័ន្ធតេឡេក្រាម ដោយលោកចូលមើលហើយតែមិនឆ្លើយតប ៕

CATEGORIES
Share This