នគរបាលបន្តចុះឃាត់រថយន្តធុនធំ០១គ្រឿង ដែលបំពានចូលក្រុងល្មើស លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត
បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងជំនាញបានបន្តចុះឃាត់រថយន្តធុនធំ០១គ្រឿងដែលដឹកទំនិញចូលក្នុងក្រុងល្មើសទៅនឹងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត។
សមត្ថកិច្ចនគរបាលជំនាញបានអោយដឹងថា រថយន្តដែលត្រូវឃាត់នាពេលនេះគឺជាប្រភេទរថយន្តដឹកជីធុនធ្ងន់ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ3D-5413 ដែលរថយន្តខាងលើនេះលួចដឹកទំនិញចូលក្រុងល្មើសទៅនឹងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដោយមិនអនុញ្ញាតអោយរថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំចូលក្នុងក្រុងឡើយ ព្រោះវាអាចធ្វើអោយមានការកកស្ទះ និងជាពិសេសធ្វើអោយខូចខាតផ្លូវថ្នល់ផងដែរ។
នគរបាលជំនាញបានបញ្ជាក់ទៀតថា រយៈពេលកន្លងមកកម្លាំងជំនាញបានចុះឃាត់យកទៅធ្វើការអប់រំជាបន្តបន្ទាប់ហើយដែរ ប៉ុន្តែម្ចាស់ក្រុមហ៊ុនរថយន្តមួយចំនួននៅតែបន្តលួចដឹកចូល ស្របពេលដែលសមត្ថកិច្ចមិនបានដាក់គោលដៅ ហើយចំពោះមុខនេះរថយន្តខាងលើមន្ត្រីជំនាញបានបញ្ជូនទៅកាន់ស្នាក់ការរក្សាទុកយានយន្តគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើការអប់រំបន្ថែមនិងផាកពិន័យទៅតាមផ្លូវច្បាប់ ៕



ដោយ ៖ សាលី


