ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រា ត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបូរី ដែលទេីបសាងសង់រួចរាល់ជាស្ថាពរ។ ពិធីនេះក៏មានការចូលរួមពីលោកជំទាវ នួម សុភ័ណ អ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក សមាជិក ក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក មន្ត្រីរាជការក្រោមឱវាទបានចូលរួមផងដែរ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។

អគារដ៏ថ្មីស្រឡាង ដែលត្រូវសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ គាំទ្រដោយថវិការដ្ឋបាលខេត្ត ចំនួន ០១ខ្នង ទំហំ ២៨ម៉ែត្រ X ១៣ម៉ែត្រ កម្ពស់០២ជាន់ មានបន្ទប់សរុប១៣បន្ទប់ ក្នុងនោះបន្ទប់ប្រជុំ ចំនួន ០១បន្ទប់ បន្ទប់បំពេញការងារចំនួន ១២បន្ទប់ មានរចនាបទបែបខ្មែរសុទ្ធសាធ គម្រោងនេះបាន ចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់១០០% នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

មួយវិញទៀតក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ រដ្ឋបាលខេត្តបានផ្តល់គម្រោងធំៗនៅក្នុងរដ្ឋបាលស្រុកជាច្រើនដូចជា ៖ សាងសង់អគារដាក់កុំព្យូទ័រ ១បន្ទប់ ទំហំ ៧ម៉ែត្រX៧,៥ម៉ែត្រ នៅសាលាគំរូស្រុកមង្គលបូរី (មូលនិធិខេត្តឆ្នាំ២០២៤), ផ្លូវេតុង ប្រវែង ៥៦៥ម៉ែត្រX៥ម៉ែត្រX០,១៥ម៉ែត្រ នៅភូមិប្រឡាយហ្លួងលើ (មូលនិធិខេត្តឆ្នាំ ២០២៤), ផ្លូវកៅស៊ូ ប្រវែង ២.១៤០មx៥ម៉ែត្រX០,១៥ម៉ែត្រ នៅភូមិអញ្ចាញ និងអូរតាគល់ (មូលនិធិខេត្ត ឆ្នាំ២០២៥)៕

CATEGORIES
Share This