ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំឱ្យអាជ្ញាធរ និងមន្ទីរអប់រំយកចិត្តទុកដាក់គៀងគរកុមារគ្រប់អាយុ ឱ្យចូលរៀនគ្រប់គ្នា

កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅអាជ្ញាធរក្រុងស្រុកនិងខេត្ត ពិសេសមន្ទីរអប់រំយុវជននិងកីឡា បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសហគមន៍ ដើម្បីគៀងគកុមារដែលគ្រប់អាយុបានចូលរៀនគ្រប់គ្នា។ការណែនាំដូច្នេះធ្វើឡើងក្នុងពិធីសំណេះសំណាលនិងបំពាក់មេដាយការងារជូនលោកគ្រូ អ្នកគ្រូចំនួន១៣១៤នាក់ ក្នុងក្រមខណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ដែលមានស្នាដៃក្នុងការបង្រៀនកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថាកុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ។ដូច្នេះអាជ្ញាធរ ក្រុង ស្រុក ខេត្តនិងមន្ទីរជំនាញត្រូវគៀងគរកុមារគ្រប់អាយុទាំងអស់ ពិសេសត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកូនៗបងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសជិតខាងបានចូលរួមគ្រប់គ្នា។

ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងដោយគូសបញ្ជាក់ថា គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីឆ្នាំ២០១៤មក ក្រសួងអប់រំយុវជន និងកីឡាបានកំណត់យកកំណែទម្រង់សាលាគរុកោសល្យជាអាទិភាព ធ្វើឱ្យប្រសិទ្ធភាពនៃការបង្រៀននិងរៀនទទួលបានលទ្ធផលល្អ សិស្សមានគុណភាពធ្វើឱ្យការប្រឡងនៅគ្រប់កម្រិតនិងគ្រប់សម័យកាលមានការកើនឡើង ពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិសិស្សជាប់និទ្ទេសAច្រើននាក់។

ការណ៍នេះ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថាវាគឺការលះបង់ដ៏ធំធេងនិងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀន ដែលធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ជាពិសេសនៅកម្រិតមូលដ្ឋានដែលអាចឱ្យពួកគាត់មានមូលដ្ឋានចំណេះដឹងសម្រាប់បន្តការសិក្សាទៅភូមិសិក្សាបន្ទាប់ ឬចាប់យកជំនាញវិជ្ជាជីវៈក្រោយបញ្ចប់ការសិក្សា ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This