មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ក្រើនរំឭកដល់មន្ត្រីសុរិយោដី ឱ្យបង្កើនការបម្រើសេវាសាធារណៈ ពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងទំនាស់ដីធ្លី
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី លោក ខ្លូត រតនា បានធ្វើការក្រើនរំឭកដល់មន្ត្រីសុរិយោដីឱ្យខិតខំនិងយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈនិងពន្លឿនការដោះស្រាយវិវាទដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់ទំនាស់និងឈានដល់បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសតាមកាលកំណត់។ការក្រើនរំឭកនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នៅអាគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។
លោក ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយាដីបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ 
របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ហើយជាមួយនោះក្រសួងក៏សម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែងនិងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ទន្ទឹមនឹងការធានាបាននូវសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួងដែលជាឫសយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។
លោក ខ្លូត រតនា បានបន្ថែមថា ជាមួយការសម្រេចបាននូវសមិទ្ធិផលធំៗនិងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ខាងមុខ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។បង្កើនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងលើភាគីវិវាទណាមួយ បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹង ការកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។មួយវិញទៀត ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោះស្រាយរាល់សំណើរ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋឱ្យមកនៅកម្រិតទាបបំផុត និងជៀសវាងដំបៅមហារីកក្នុងមន្ទីរដែនដីដោយសារតែការបម្រើសេវាមិនមានមនសិកា ការទទួលខុសត្រូវនិងគ្មានវិជ្ជាជីវៈ។
ជាមួយនិងការក្រើនរំឭកនេះដែរមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី លោក ខ្លូត រតនា ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់របស់មន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺនិងក្រុមការងារស្ម័គ្រចិត្តបានបំពេញតួនាទីក្នុងការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធបានឆាប់រហ័សនិងចេញប្លង់រឹងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺបានជាង១លានក្បាលដី និងបានប្រកាសបញ្ចប់ការវាស់វែងមុនគេនៅទូទាំងប្រទេស ៕











ដោយ ៖ ប៊ុត សារុន


