រថយន្តដឹកទឹកកក បុកម៉ូតូដែលកំពុងឈប់ភ្លើងស្តុប បណ្តាលអោយមនុស្ស០៤នាក់ រងរបួសស្រាល

បាត់ដំបង ៖ មនុស្សប្រុសស្រីក្មេងចាស់០៤នាក់ បានរងរបួសស្រាល ខណៈកំពុងឈប់ភ្លើងស្តុបត្រូវរថយន្តដឹកទឹកកក បុកពីក្រោយនៅវេលាម៉ោង១៩និង៤៨នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភ្លើងស្តុបផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោយ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1S-9509 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់និងក្មេង០២នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុប ភ្លាមនោះក៏មានរថយន្តដឹកទឹកកក០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ3F-7156 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នា បានជ្រុលមកបុកពីក្រោយបណ្តាលអោយរងរបួសស្រាលទាំង០៤នាក់តែម្តង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់នៅនិងកន្លែង ប៉ុន្តែដោយសារផ្លាកលេខរថយន្តមិនប្រក្រតី សមត្ថកិច្ចក៏បានវាស់វែងយកទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This