យុវជន ១៥៧ ខេត្តបន្ទាយមានជ័យ នាំអំណោយជូនអាជ្ញាធរ និងកង​ទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនអាជ្ញាធរ និងកង​ទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ការនាំអំណោយនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយលោក ផូ ស៊ីតាល់ អនុប្រធាន តំណាងឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

លោក ផូ ស៊ីតាល់ បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក បានដឹកនាំសមាជិកសមាជិកា ចំនួន១៥នាក់ នាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគដែលបានមកពីការបរិច្ចាករបស់សមាជិកសមាជិកា តាមបណ្តាសមាគមស្រុកក្រុង ឧបត្ថម្ភជូនអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារទឹកដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈអាជ្ញាធរខេត្ត ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមាន៖ ១.មីជាតិ ចំនួន ១០០កេស, ២.ទឹកត្រី ចំនួន ៥០យួរ, ៣.ទឹកស៉ីអីវ ចំនួន ៥០យួរ, ៤.ទឹកសុទ្ធប្រូវីដា ១០០កេស, ៥.ក្រម៉ា ចំនួន ១០០, ៦.ស្ករស ចំនួន ១០០គីឡូក្រាម, ៧.អំបិល ចំនួន ១០០គីឡូក្រាម, ៨. នំបុ័ងបាក់យ៉ុង និងនំបុ័ងសាប ចំនួន២០០នំ ៕

CATEGORIES
Share This