ស្ត្រីជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារជាន់ទី៣ ស្លាប់ ដោយមិនដឹងមូលហេតុ
ប៉ោយប៉ែត ៖ ស្រ្តីជាជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារជាន់ទី៣ នៃអគារ អ៊ែតវូត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។
ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសម្លេងអ្វីម៉្យាងធ្លាក់ លាន់សម្លេងដូចប៉ាវខ្សាច់ ទើបនាំគ្នាមើល ស្រាប់តែប្រទះឃើញ ស្ត្រីម្នាក់ធ្លាក់មកពីលើអគារជាន់ទីបី ដែលមានស្លាកយីហោ អ៊ែតវូត ដោយស្ត្រីរូបនោះបានធ្លាក់ដល់ដី ក្នុងសភាពដកដង្ហើមចង្រិត ស្លៀកពាក់អាវ Hoodie ពណ៌បៃតង និងខោខាប៊ូយ ។
អ្នកឃើញហេតុការណ៍បានបន្តថា គេសង្ស័យស្ត្រីរូបនោះធ្វើអត្តឃាត លោតដោយខ្លួនឯង ដោយសារមុនកើតហេតុ គេបានឃើញស្ត្រីខាងលើ ដើរទៅដើរមកក្បែរអគារកើតហេតុ តាំងពីពេលយប់មកម្លេះ ដោយសភាពពេលនោះ ហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួននោះទេ ។
ក្រោយកើតហេតុ គេឃើញមានរថយន្ត Pick up ១គ្រឿង ជាប្រភេទរថយន្តសម្រាប់សង្គ្រោះបន្ទាន់ បានមកទទួលយកស្ត្រីរងគ្រោះ ដែលបានធ្លាក់ពីលើអគារនោះ ទៅសង្គ្រោះបន្ទាន់ តែជាអកុសលស្ត្រីរូបនោះបានបាត់បង់ជីវិត មុនបញ្ជូនទៅដល់មន្ទីរពេទ្យបាត់ទៅហើយ ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានមន្ត្រីជំនាញធ្វើកោសលវិច្ច័យ រកមូលហេតុនៃការស្លាប់ និងស្វែងរកក្រុមគ្រួសារ ដើម្បីប្រគល់សពជូន យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕



ដោយ ៖ លី គឹមហាក់


