សង្ស័យបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បី បណ្តាលអោយខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ ម៉ូតូ០១គ្រឿង បានរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០១.ខែវិច្ឆិកា ឆ្ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបំបែកភ្លើងស្តុបសួនយុវ័ន ស្ថិតក្នុងភូមិរំចេក០៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូកង់បីឥណ្ឌាពណ៌ស០១គ្រឿងពាក់ផ្លាកលេខ តាកែវ 1T-7495 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1.AY-2353 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយរងរបួសហើមដៃនិងជើងចំណែកម៉ូតូខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This