ឯកឧត្តម ឃួន ផុនរតនៈ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារ៉ុក
ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Chafik RACHADI ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារ៉ុក និងជាព្រឹទ្ធបុរសនៃអង្គទូតប្រចាំសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឃួន ផុនរតនៈ បានសម្តែងការសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម បណ្ឌិត Chafik RACHADI ក្នុងការចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូត។
ឯកឧត្តម ឃួន ផុនរតនៈ និងឯកឧត្តម បណ្ឌិត Chafik RACHADI ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់ រួមផងដែរ ៕








