ជំនាស់ដីធ្លីរ៉ាំរ៉ៃ ជាង១០ឆ្នាំ នៅក្រុងប៉ោយប៉ែត ត្រូវបានដោះស្រាយបញ្ចប់ ប្រកបដោយស្នាមញញឹម

ប៉ោយប៉ែត ៖ ករណីទំនាស់ដីធ្លី ០១ករណី ដែលអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំ ត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់រឿង ប្រកដោយស្នាមញញឹមរវាងភាគីទាំងសងខាង ។

ការដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីទំនាស់ទាំងសងខាងផងដែរ ។

លទ្ធផលនៃដំណោះស្រាយខាងលើ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយឆន្ទៈពិតប្រាកដ ដោយឈ្មោះ មុត មុំ (ភាគី ក) យល់ព្រមឈប់ធ្វើការរារាំង លើទីតាំងដីដែលឈ្មោះ អៀត ខេង (ភាគី ខ) កាន់កាប់និងយល់ព្រមឲ្យភាគី (ខ) ធ្វើការចុះបញ្ជី ជាប្រព័ន្ធបន្ត ដោយយោងតាមកិច្ចព្រមព្រៀងចុះថ្ងៃទី០៤-០៩-២០១៤ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីលេខ ៣១៧១ ចុះថ្ងៃទី០៥ ខែ០៩ ឆ្នាំ២០១៤ ចុះហត្ថលេខាដោយអភិបាលក្រុងប៉ោយប៉ែត ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃគុក បច្ចុប្បន្នភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ជាបន្តបន្ទាប់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ តែងដឹកនាំក្រុមការងារ ចុះសម្របសម្រួល ក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ក្រោមយុទ្ធ​សាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This