រដ្ឋបាលឃុំអូរដំបង១ ចែករង្វាន់និងប័ណ្ណសសើរដល់សិស្សឆ្នើមចំណាត់ថ្នាក់ល្អ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់៩
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលឃុំអូរដំបង១ ដែលមានលោក សេក ផានិត ជាមេឃុំ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានប្រារព្ធពិធីចែករង្វាន់និងប័ណ្ណសសើរដល់សិស្សឆ្នើមចំណាត់ថ្នាក់លេខ១ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់៩ ព្រមទាំងរង្វាន់និងប័ណ្ណសសើរលើកទឹកចិត្តដល់សិស្សចំណាត់ថ្នាក់លេ២និងលេខ៣ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់៩ ផងដែរ។
លោក សេក ផានិត មេឃុំអូរដំបង១ បានលើកឡើងថា រដ្ឋបាលឃុំអូរដំបង១ បានរៀបចំការប្រឡងសិស្សពូកែរយៈពេលពីរឆ្នាំមកហើយ គឺគិតចាប់ពីឆ្នាំ២០២៤និង២០២៥ ដែលកាលពីឆ្នាំ២០២៤ យើងប្រឡងជ្រើសរើសយកសិស្សពូកែ ដោយយកចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ ហើយយកតែសិស្សចាប់ពីថ្នាក់ទី១ ដល់ទី៦ ប៉ុន្តែនៅឆ្នាំ២០២៥នេះ រដ្ឋបាលឃុំបានរៀបចំបញ្ចូលអនុវិទ្យាល័យពីរទៀត ដោយប្រឡងជ្រើសតែសិស្សឆ្នើម សិស្សពូកែដែលមានចំណាត់ថ្នាក់លេខ១ ដោយយកចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ ដែលមានសិស្សចូលរួមសរុប ២៤៤នាក់ ក្នុងនោះស្រី១៨២នាក់ ហើយក្នុងនោះរកឃើញសិស្សឆ្នើមដែលទទួលបានចំណាត់ថ្នាក់លេខ១ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៩ គឺមានចំនួន១០នាក់ ,ចំណាត់ថ្នាក់លេខ២ មាន៩នាក់ និងចំណាត់ថ្នាក់លេខ៣ មាន១១នាក់ ។
បន្ថែមពីនេះលោកក៏បានជំរុញអោយសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ជាពិសេសខាងសាលារួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈកម្មការវត្តផងដែរត្រូវចូលរួមសហការគ្នាដើម្បីប្អូនៗ ដើម្បីសិស្សានុសិស្សនៅក្នុងឃុំអូរដំបង១ទាំងមូល។
ជាមួយគ្នានេះ លោក នាង ច័ន្ទថារ៉ា អភិបាលនៃគណៈអភិបាលស្រុកសង្កែ បានមានប្រសាសន៍ សម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមចែករង្វាន់ដល់សិស្សពូកែនាពេលនេះ ហើយនេះជាឆ្នាំទី២ហើយដែលនៅក្នុងស្រុកសង្កែ មានតែឃុំអូរដំបង១ទេដែលបានរៀបចំប្រឡងសិស្សពូកែប្រចាំឃុំ ប៉ុន្តែរយៈពេលកន្លងមកក៏ធ្លាប់មានជ្រើសរើសសិស្សពូកែសម្រាប់ប្រចាំស្រុកដែរ ដោយចម្រាញ់យកសិស្សតាមបណ្តាសាលាបញ្ជូនមកប្រឡងថ្នាក់ស្រុក រួចជ្រើសរើសអោយទៅប្រឡងថ្នាក់ខេត្ត រួចបន្តទៅប្រឡងនៅឯរាជធានីភ្នំពេញ ថ្នាក់ជាតិ។
លោកអភិបាលបានបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យអប់រំនេះ លោកតែងតែជំរុញណាស់ដើម្បីចង់បានធនធានមនុស្សជាគោលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ បើយើងមិនមានធនធានមនុស្សទេ យើងតាមមិនទាន់ប្រទេសផ្សេងៗនោះទេ ព្រោះយើងឃើញហើយថាថ្នាក់ដឹកនាំក្នុងអាណត្តិទី៧នេះ ពោពេញទៅដោយអ្នកដែលមានសញ្ញាប័ត្រមកពីក្រៅប្រទេសច្រើន ដូចសម្តេចតេជោបានមានប្រសាសន៍ អ្នកបន្តវេនពេលនេះពោរពេញទៅដោយថាមពល ពោពេញទៅដោយចំណេះដឺងខ្ពស់ ដូច្នេះសម្រាប់ឃុំអូរដំបង១យើងនេះ គឺយើងចង់បានឃើញកូនៗដែលនៅទីនេះ និងកូនៗដែលនៅថ្នាក់បន្តទៀត និងអាចក្លាយជាលោកគ្រូ អ្នកគ្រូ មេឃុំ ក្រុមប្រឹក្សាឃុំ អភិបាលស្រុក ខេត្ត ឬក៏អ្នកតំណាងរាស្ត្រផងដែរ ៕









ដោយ ៖ សាលី


