ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១៧១គ្រួសារ ក្នុងស្រុកបវេល ទទួលបានអំណោយសាខាកាកបាទក្រហម

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេល សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៧១គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលករដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន១៥ ក្នុងឃុំក្តុលតាហែន នៃស្រុកបវេល ។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថាន  ជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងឡើងសម្ពាធឈាមជាដើម។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន និងសូមថែទាំសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេលវេលា  ។

អំណោយដែលត្រូវផ្តល់ជួនគ្រួសារនីមួយៗទទួលបាន ,អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកស៊ីត្រី១យួរ និងថវិកា២ម៉ឺនរៀលជារបស់ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្តុលតាហែនផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This