រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវអោយអ្នកសារព័ត៌មានជួយផ្សព្វផ្សាយអ្វីដែលល្អៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងកុំផ្សាយអ្វីដែលមិនល្អធ្វើប៉ះពាល់មុខមាត់សង្គម និងប្រទេសជាតិ
បាត់ដំបង ៖ ក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តប្រមាណជិត២០០នាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងអោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកបានអំពាវនាវអោយអ្នកសារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានល្អៗដើម្បីទាក់ទាញភ្ញៀវទេសចរ និងកុំផ្សាយអ្វីដែលមិនល្អធ្វើអោយប៉ះពាល់មុខមាត់សង្គមនិងប្រទេសជាតិ។
ក្នុងនោះដែរឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់អោយអ្នកសារព័ត៌មាន ជួយអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ផ្សព្វផ្សាយតំបន់រមណីយដ្ឋានល្អៗក្នុងខេត្តនិងព្រឹត្តិការណ៍សង្ក្រាន្តដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយមកកម្សាន្តលេង ពិសេសអ្នកសារព័ត៌មានត្រូវជួយផ្សព្វផ្សាយអប់រំអំពើល្អនៅក្នុងសង្គមឲ្យបានច្រើន ,ត្រូវធ្វើគំរូល្អសម្រាប់អ្នកដទៃ និងត្រូវចេះជួយយកអាសារគេ។
បន្ថែមពីនេះ អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយការពារលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលទន្ទ្រានរំលោភបំពានទៅលើដីតំបន់៣ (បឹងទន្លេសាប) ,ដែនជម្រកសត្វព្រៃ (ភ្នំសំកុក) ដីតំបន់ប្រើប្រាស់ច្រើនយ៉ាង(សំឡូត) និងតំបន់ដីសហគមន៍ជាដើម ព្រោះវាជាអំពើខុសច្បាប់ និងអាចមានទោសតន់ផងដែរ ៕






ដោយ ៖ សាលី