រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះសាលាខេត្តបាត់ដំបង បាននិមន្តព្រះសង្ឃដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងសាលាខេត្តបាត់ដំបង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ។
ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម លោកជំទាវគណៈអធិបតី និងមន្ត្រីរាជការ អញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាតិកាទាំងអស់ក្នុងសង្សារវដ្ដ ព្រមទាំងឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ជាមួយគ្នានេះ បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញទស្សនា ការសម្តែងរបាំត្រុដិយ៉ាងសប្បាយរីករាយ និងបានរាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។
គួរបញ្ជាក់ផងដែរ សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគទេវី» នឹងយាងចុះមកនាវេលាម៉ោង ០៤និង៤៨នាទីព្រឹក នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ៕










ដោយ ៖ សាលី