ស្ត្រីជនជាតិហ្វីលីពីនម្នាក់ បានស្លាប់សង្ស័យជា ជម្ងឺស្ទះសសៃឈាមបេះដូង
បាត់ដំបង ៖ ស្រ្តីជនជាតិហ្វីលីពីនម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅរក្សាទុកនៅវត្តដំរីស បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សមត្ថកិច្ចបានអោយដឹងថា ជនជាតិបរទេសដែលស្លាប់មានឈ្មោះ NORLAINIE GANIM TAIB ភេទស្រី អាយុ ៤០ឆ្នាំ ជាជនជាតិហ្វីលីពីន កាន់លិខិតឆ្លងដែនលេខ P6190022C មុខរបរ Call Center Agent មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជនរងគ្រោះមុនស្លាប់ត្រូវបានដឹកបញ្ជូនមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយសារជម្ងឺបេះដូង ហើយក្រោយមកជនរងគ្រោះត្រូវបានស្លាប់ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅរក្សាទុកនៅក្នុងវត្តដំរីស ស្ថិតក្នុងក្រុងបាត់ដំបង។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញកោលស្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺស្ទះសសៃឈាមបេះដូងធ្ងន់ធ្ងរ (មានប្រវត្តិដាក់រ៉ឺស័របេះដូង) បន្ទាប់មកសពជនរងគ្រោះ ត្រូវបានដឹកយកទៅរាជធានីភ្នំពេញ ដើម្បីប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ត្រ និងស្ថានទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ៕





ដោយ ៖ សាលី