មន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ រៀបចំបិទវគ្គបណ្តុះបណ្តាល ស្តីពី “នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ SOP” ជួនដល់អ្នកពាក់ព័ន្ធ
បន្ទាយមានជ័យ ៖ លោកស្រី រស់ សុផានី អភិបាលរងតំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពី “នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ SOP” ដោយមានការចូលរួមពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត ក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងមហាផ្ទៃ អង្គការ ដៃគូរពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក មន្ត្រីបង្គោលនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុកទាំង៩ ប្រារព្ធ ឡើង ឡើនៅសាលប្រជុំ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានបង្ហាញពីលទ្ធផលនៃ វគ្គបណ្តុះបណ្តាលជាច្រើនគួរឱ្យកត់សម្គាល់ ដែលជាការជំរុញការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារនេះឱ្យមានប្រសិទ្ធភាព និងពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយប្រើប្រាស់យន្តការប្រព័ន្ធ និងវិធីសាស្រ្តដូចៗគ្នា និងមានសង្គតភាពជាមួយគ្នា ជាពិសេសសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិ អាចយកនូវចំនេះដឹងល្អៗដើម្បីបំពេញការងារឱ្យកាន់តែប្រសើរមានការទទួលខុសត្រូវ មានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។
នាឱកាសនោះលោកស្រី រស់ សុផានី ក៏បានវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាម បានចូលរួមជាមតិយោល់ នឹងចែករំលែកចំណេះដឹង បទពិសោធន៍ការងារ រយៈពេល២ថ្ងៃពេញ សំដៅដល់ការរួមចំណែកដ៏ធំក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ឱ្យកាន់តែល្អប្រសើរឡើង។ និងថ្លែងអំណគុណចំពោះក្រុមការងារបស់ក្រសួងមហាផ្ទៃក្រសួង និងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអង្គការ World Vision ដែលបានគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់កិច្ចដំណើរការវគ្គបណ្តុះបណ្តាលនេះ។
ជាមួយគ្នានោះលោកស្រី អភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍៤ចំនុចសំខាន់ៗ ៖ ១-យកចំនេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តឱ្យបានច្បាស់អំពីនីតិវិធី និងតួនាទីភារកិច្ច របស់ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលត្រូវឆ្លើយតប ឬអន្តរាគមន៍លើករណីកិច្ចការពារកុមារ, ២-ត្រូវបន្តសិក្សាស្វែងយល់បន្ថែមអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារដើម្បីធានាបាននូវការអនុវត្តនីតិវិធីកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ៣-បន្តឆ្លើយតបនិងកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងករណីកិច្ចការពារកុមារដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលា, ៤-បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ ដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារកុមារមួយច្បាស់លាស់ និងមានប្រសិទ្ធភាព រួមមាន៖ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សង្កាត់ (គ.ក.ន.ក) គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ (គ.ក.ស.ក) ក្រុង -ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលក្រុង ស្រុក មន្ទីរ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក តុលាការ អ្នកវិជ្ជាជីវៈអប់រំ និងសុខភាព និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ ៕










