ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញជួបសំណេះសំណាលជាមួយនាយកសាលានានាទូទាំង ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ដេីម្បីពិភាក្សាការពង្រឹងវិន័យ សន្តិសុខ គុណភាពអប់រំ និងការត្រួតពិនិត្យលេីគុណភាពចំណីអាហារនិងភេសជ្ជៈនានាដែលលក់ដូរនៅតាមសាលាធ្វេីយ៉ាងណាកុំឱ្យប៉ះពាល់ដល់សុខភាពលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជេីញជួបសំណេះសំណាលជាមួយលោក-លោកស្រី ជានាយកសាលានានាទូទាំងក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងការកោតសរសេីរ និងអបអរសាទរចំពោះជ័យលាភី និងលទ្ធផលល្អប្រសេីរដែលកេីតចេញពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ -អ្នកគ្រូ និងសិស្សានុសិស្សតាមសាលានានាក្នុងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលេីកឡេីងបញ្ជាក់ថា៖ លោកគ្រូ-អ្នកគ្រូ គឺជាឪពុកម្តាយទី២របស់សិស្សានុសិស្សនិងជាអ្នកមានគុណដែលសិស្សានុសិស្សគ្រប់រូបត្រូវតែចងចាំ ហេីយត្រូវតែរំលឹកគុណមិនអាចបំភ្លេចបាន។ លោកគ្រូ-អ្នកគ្រូគឺជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះលោកគ្រូ-អ្នកគ្រូ គឺជាអ្នកសាបព្រោះចំណេះដឹង និងជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ដែលជាបង្គោលគ្រួសារនាថ្ងៃអនាគត និងជាកោសិការបស់សង្គមជាតិ ដូច្នេះហេីយឯកឧត្តមប្រធានក្រុមការងារបានលេីកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អប់រំកុមារនិងយុវជន ក្នុងក្រុងប៉ោយប៉ែតឱ្យកាន់តែទទួលបានការអប់រំល្អប្រសេីរ មានវិន័យ សីលធម៌ ដេីម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំប្រកបដោយចំណេះដឹង និងគុណភាពសម្រាប់ចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមជាតិស្របតាមកម្មវិធីនយោបាយប្រកបដោយចក្ខុវិស័យនិងការទទួលខុសត្រូវខ្ពស់របស់រាជដ្ឋាភិបាលយេីង៕

CATEGORIES
Share This