ពេទ្យសត្វបន្ទាយមានជ័យ ចុះត្រួកពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ចជាប់ព្រំដែន ជួយទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ពីថៃ

បន្ទាយមានជ័យ ៖ មន្រ្តីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។

លោក ហ៊ុយ ទូច ប្រធានការល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មចុះថ្ងៃទី៦ ឧសភា ២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃ និងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោរក្របីពីប្រទេសថៃរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះ មន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របី ដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗ គឺឃើញថា សត្វគោរក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយ ទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។

ក្រៅពីការទប់ស្កាត់នៅតាមព្រំដែន ជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំ មុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ។

លោក ហ៊ុយ ទូច បានបន្តឲ្យដឹងទៀតថា លោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករ និងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល និងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងជាយថាហេតុ ៕

CATEGORIES
Share This