គោយន្តកន្រ្តៃ បុកប៉ះរថយន្ត០១គ្រឿង និងបន្តបុកម៉ូតូផាសស្អាប់ចតចោល បណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង
បាត់ដំបង ៖ គោយន្ដកន្ត្រៃ០១គ្រឿងបុកប៉ះជាមួយរថយន្ត IZUZU និងបន្តទៅបុកម៉ូតូផាស់ស្អាប់(កង់បីឥណ្ឌា) បណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុច(ទល់មុខផ្សារទួលតាឌុក) ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក IZUZU ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2A-3841 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានគោយន្តកន្ត្រៃ០១គ្រឿង បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត(ឡើងផ្លូវបត់ឆ្វេង) ជាប់ហ្រ្វាំងដៃធ្វើអោយគោយន្តបកក្បាលទៅប៉ះរថយន្ត និងបន្តទៅបុកម៉ូតូកង់បីឥណ្ឌា(ផាស់ស្អាប់)ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AQ-1728 ដែលចតចោលបណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងតែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ នគរបាលជំនាញស្រុកថ្មគោលបានចុះមកធ្វើកំណត់ហេតុ ដោយភាគីខាងគោយន្តកន្ត្រៃផ្តល់សំណងទៅអោយម្ចាស់រថយន្តចំនួន ៣៥ម៉ឺនរៀល និងទទួលរ៉ាប់រងជួសជុលម៉ូតូកង់បីឥណ្ឌា(ផាស់ស្អាប់)អោយស្អាតជូនម្ចាស់វិញផងដែរ ៕




ដោយ ៖ សាលី