ដកហូតមឹកស្រស់ចំនួន ៣៤.៥គីឡូក្រាម ក្រោយរកឃើញផ្ទុកសារធាតុគីមីហាមឃាត់
បាត់ដំបង ៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម និងអាជា្ញធរពាក់ព័ន្ធ អមដោយរថយន្តមន្ទីរពិសោធន៍ខ្នាតតូច បានចុះត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារបឹងឈូក ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយបានពិនិត្យទៅលើតូបចំនួន ១២ទីតាំងនិងបានវិភាគរកសារធាតុគីមីហាមឃាត់លើសំណាកគំរូចំនួន ១៩គំរូ រួមមាន៖ បង្គារស្រស់ ដៃមឹកយក្ស មឹកស្រស់ មឹករំដួល ប្រហិតសាច់គោ សាច់ប៉ាត់តេ សរសៃគុយទាវ ជ្រក់(ស្ពៃ -ត្រសក់ស្រូវ-ម៉ំាងល្ហុង) មីលឿងពងទា ណែម(ណែមត្រី -ណែមស្បែកជ្រូក) សណែ្តកបណ្តុះ នំស្លឹកស្រស់ នំចាំង ទឹកខ្មេះអៀង ជាដើម ។ល។
នៅក្នុងយុទ្ធនាការខាងលើនេះដែរជាលទ្ធផលមន្រ្តីជំនាញបានដកហូតនូវមឹកដៃយក្ស មឹករំដួល មឹកស្រស់ ចំនួនសរុប ៣៤.៥គីឡូក្រាមក្រោយពីបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដើម្បីយកមកកម្ទេចចោលតាមនីតិវិធីជាធរមាន និងបានពន្យល់ណែនាំផ្សព្វផ្សាយបន្ថែមដល់បងប្អូនអាជីវករ អំពីអនាម័យម្ហូបអាហារ ធ្វើយ៉ាងណាមានសុវត្ថិភាពខ្ពស់ក្នុងការលក់ជូនអតិថិជនផងដែរ៕







ដោយ ៖ សាលី