ទុរេនឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ តែបារម្ភអំពីតម្លៃ ដោយសារមានការនាំចូលច្រើន ពីប្រទេសជិតខាង
បាត់ដំបង ៖ លោក ទន ចាន់ធូ ម្ចាស់ចំការទុរេន នៅភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត បានសម្តែងការសប្បាយចិត្តខណៈដែលទុរេនឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ប៉ុន្តែលោកបារម្ភអំពីតម្លៃដោយសារឃើញតាមបណ្តាញសង្គមជាច្រើនបានបង្ហោះថាមានការនាំចូលផ្លែទុរេនច្រើនពីប្រទេសជិតខាង។
ម្ចាស់ចំការដដែលបានបញ្ជាក់ថា ក្នុងទំហំផ្ទៃដី០១ហិចតានេះ លោកបានដាំទុរេនជាង២០០ដើមជាប្រភេទម៉ាន់ថង ប៉ុន្តែមានងាប់ខ្លះ នៅសល់ត្រឹមប្រហែល២០០ដើម និងប្រមូលផលបាន០៤ឆ្នាំមកហើយ ដោយឡែកឆ្នាំនេះឃើញមានផ្លែច្រើនជាងឆ្នាំណាណាទាំងអស់ ដោយដើមខ្លះមានរហូតទៅដល់ ១០០ផ្លែ ទៅជាង១០០ផ្លែឯណោះ ដែលគិតជាមធ្យមអាចបានជាង ២០តោន ខណៈដែលឆ្នាំមុនៗបានត្រឹមតែជាន ១០តោនប៉ុណ្ណោះ។
លោកបានបញ្ជាក់ទៀតថា សម្រាប់ចំការទូទាំងស្រុកសំឡូត មានចំការខ្លះបានប្រមូលផលបណ្តើរៗ ប៉ុន្តែវាមិនច្រើនទេមួយចំការអាចបាន ១០០គីឡូ ទៅ២០០គីឡូ ដោយឡែកចំការរបស់លោកនៅចុងខែ៥ ឬពាក់កណ្តាលខែ៦ ទើបអាចប្រមូលផលបាន ប៉ុន្តែលោកមានការព្រួយបារម្ភដែរ ដោយសារឃើញបណ្ដាញសង្គមបានផ្សព្វផ្សាយថាមានការនាំទុរេនចូលច្រើនពីប្រទេសជិតខាង ដូច្នេះលោកសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជួយគាំទ្រផលិតផលក្នុងស្រុកយើង ដើម្បីថ្ងៃ អនាគតទៅក៏យើងបានទូលំទូលាយក្នុងការនាំចេញផង ៕




ដោយ ៖ សាលី